(ញូវយ៉ក)៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) ដែលជាប្រមុខរបស់ UN បាននិយាយកាលពី ថ្ងៃចន្ទសប្តាហ៍នេះថា ហានិភ័យនៃជម្លោះរវាងមហាអំណាចពិភពលោកគឺស្ថិតក្នុង «កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ» ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) ក៏បានព្រមានផងដែរថា ពិភពលោកកំពុងស្ថិតនៅចំណុចដ៏គ្រោះថ្នាក់មួយខ្លាំងជាងសម័យសង្រ្គាមត្រជាក់ទៅទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

លោក ហ្គូតឺរ៉េស ដែលអង្គុយក្បែរលោក ឡារ៉ូវ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN បានរិះគន់ការឈ្លានពានរបស់រុស្ស៊ីថាបង្កឲ្យមានទុក្ខវេទនា និងការបំផ្លិចបំផ្លាញយ៉ាងធំធេង នៅអ៊ុយក្រែន ហើយជំរុញឲ្យសេដ្ឋកិច្ចសកលកាន់តែមានភាពប្រែប្រួលបន្ទាប់ពីវិបត្តិកូវីដ១៩។ លោក ហ្កូតឺរ៉េស បានប្រាប់មានសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥រូប ស្តីអំពី ពហុភាគីនិយម និងការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា «ភាពតានតឹងរវាងមហាអំណាចបច្ចុប្បន្ន មានកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ»។​

ចំណែក លោក ឡារ៉ូវ ដែលជាប្រធានប្តូរវេននៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែមេសានេះ ក៏បានគូសបញ្ជាក់ថា «ដូចក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ យើងបានឈាន ដល់កម្រិតគ្រោះថ្នាក់ ដែលប្រហែលជាអាចគ្រោះថ្នាក់ជាងមុនទៅទៀត។ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ជាមួយនឹងការបាត់បង់ទំនុកចិត្តលើពហុភាគីនិយម»

គួរបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខដទៃទៀត រួមទាំងសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបន្តថ្កោលទោសរុស្ស៉ីចំពោះសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែន។ ខណៈ អង្គការសហប្រជាជាតិ កំពុងស្វែងរកការរក្សាទុកកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន តាមច្រកសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ដែលអាចផុតកំណត់នៅ ថ្ងៃទី១៨ ខែឧសភាខាងមុខនេះ លោក ហ្គូតឺរ៉េស ក៏បានជំរុញឲ្យបន្តអនុវត្តកិច្ចព្រមព្រៀងនោះ រួមទាំងកតិកាសញ្ញាពាក់ព័ន្ធដែលអង្គការសហប្រជាជាតិសន្យាថានឹងជួយ សម្រួលដល់រុស្ស៊ីផ្ទាល់ ជុំវិញការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម៕