(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Interfax បានរាយការណ៍នៅថ្ងៃអង្គារនេះថា នាវាមុជទឹកមកពីកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៉ី បានហាត់សមវាយប្រហារកម្ទេចគោលដៅសត្រូវ ដែលជាផ្នែកនៃការធ្វើសមយុទ្ធយោធារបស់កងទ័ពជើងទឹកនៅក្នុងតំបន់សមុទ្រជប៉ុន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

កាលពីថ្ងៃចន្ទ រុស្ស៊ីបានប្រកាសធ្វើសមយុទ្ធរបស់នាវាពិឃាតប្រឆាំងនាវាមុជទឹក Admiral Tributs នៅឯសមុទ្រជប៉ុន។ បើតាម Interfax នាវាមុជទឹក ប្រូចិត ៦៣៦ វ៉ាសាវីយ៉ាន់កា (Project 636 Varshavyanka) ដែលត្រូវបានប្រើក្នុងសមយុទ្ធយោធានេះ គឺជាផ្នែកមួយនៃនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត និងអគ្គិសនីរបស់រុស្ស៉ី។

ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៉ី Interfax បានឲ្យដឹងថា នាវាមុជទឹកប្រភេទខាងលើចំនួន ២គ្រឿងរបស់រុស្ស៉ី បានធ្វើសមយុទ្ធប្រឆាំង នាវាមុជទឹកនៅសមុទ្រជប៉ុន ដើម្បីស្វែងរក និងហាត់សមកម្ទេចនាវាមុជទឹករបស់សត្រូវ។ នាវាមុជទឹកបានប្រើមីស៉ីល torpedo ដើម្បីវាយប្រហារគោលដៅ»។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ក៏បានរាយការណ៍ដែរថា នាវាមុជទឹកចំនួន ៦គ្រឿងនឹងត្រូវបានផលិតសម្រាប់កងនាវាភាគខាងជើងរបស់រុស្ស៉ី នៅតំបន់អាក់ទិក។ នាវាមុជទឹកទាំងនេះបំពាក់ដោយមីស៉ីលគ្រូស Kalibr-PL ប្រវែង ៧៤ម៉ែត្រ និងអាចធ្វើដំណើរបានចម្ងាយជាង ១២,០០០គីឡូម៉ែត្រ៕