(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នឹងសម្រេចចិត្តថាតើត្រូវទៅចូលរួមកិច្ចប្រជុំនៃក្រុមប្រទេស BRICS ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលគ្រោងធ្វើឡើងនៅខែសីហាខាងមុខនេះ ដែរឬគ៏អត់ នៅពេលដែលកាលបរិច្ឆេទកំណត់ខិតជិតមកដល់។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីថ្ងៃទី១៧ ខែមីនា ដោយចោទប្រកាន់រុស្ស៉ីពីបទនិរទេសកុមារអ៊ុយក្រែនដោយបង្ខំ ដែលត្រូវបាន ចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម។ ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តដីការបស់តុលាការ ICC លើការចាប់ខ្លួន លោក ពូទីន។ យ៉ាងនេះក្តី វិមានក្រឹមឡាំង បានចាត់ទុកដីការរបស់ ICC ថាជារឿងហួសចិត្ត និងមិនអាចទទួលយកបាន។

នៅពេលត្រូវបានសាកសួរក្នុងសន្និសីទខ្លីមួយ ថាតើលោក ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំ BRICS ដែរឬអត់ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានគូសបញ្ជាក់ថា «ការសម្រេចចិត្តដ៏សមស្រប នឹងត្រូវធ្វើឡើងនៅវេលាកាន់តែខិតជិតមកដល់។ ប៉ុន្តែទោះក្នុងករណីណាក៏ដោយរុស្ស៉ីត្រូវតែមានវត្តមាននៅឯ BRICS ព្រោះវាជាកិច្ចប្រជុំដ៏មានសារសំខាន់»

គួរបញ្ជាក់ថា ក្រុមប្រទេស BRICS ដែលរួមមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គឺជាប្លុកមួយដែលត្រូវបានគេមើលឃើញថាកំពុងរីកចម្រើនក្លាយជាទីផ្សារដ៏ មានឥទ្ធិពល ដែលអាចនឹងជំនួសលោកខាងលិច។ រុស្ស៊ីមិនមែនជាសមាជិកនៃ ICC ទេ ហើយលោក ពូទីន ក៏ទំនងជានឹងមិនត្រូវបានចាប់ខ្លួន ឬក៏ត្រូវបានគេនាំខ្លួនឡើង តុលាការនោះដែរ ក្នុងពេលអនាគតដ៏ខ្លី។ ប៉ុន្តែដីកា ICC មានន័យថា លោកអាចត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទីក្រុងឡាអេ ប្រសិនបើលោកធ្វើដំណើរទៅប្រទេសសមាជិក ICC ណាមួយ។ ក្រៅតែពីលោក ពូទីន ICC ក៏បានចេញដីកាចាប់ខ្លួនលោកស្រី ម៉ារៀ វ៉ូវ៉ា បេឡូវ៉ា (Maria Lvova-Belova) ដែលជាស្នងការរុស្ស៉ីទទួលបន្ទុកសិទ្ធិកុមារ ផងដែរ៕