(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាលោកផ្ទាល់នឹងជំរុញឱ្យសមភាគីអាមេរិករបស់លោក គឺលោកប្រធានាធិបតី ចូ បៃដិន បញ្ជាក់ឱ្យបានច្បាស់ពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារប្រទេសរបស់លោក នៅក្រោមសន្ធិសញ្ញាសន្តិសុខឆ្នាំ១៩៥១ ដោយសំអាងលើភាពតានតឹងក្នុងតំបន់សព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

ការកត់សម្គាល់របស់លោក Marcos ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុក្នុងស្រុកមួយ និងនៅមុនពេលលោកត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១ ខែឧសភាខាងមុខនេះ ដើម្បីជួបពិភាក្សាការងារជាមួយលោក ចូ បៃដិន ដែលជាជំនួបមួយត្រូវបានសេតវិមានអះអាងពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ចំពោះសន្តិសុខហ្វីលីពីន។

ក្នុងសម្ភាសន៍នោះ លោក Marcos បានបញ្ជាក់បន្ថែមថា « វា (សន្ធិសញ្ញា) ចាំបាច់ត្រូវតែមានការសម្របខ្លួន ដោយសារតែការផ្លាស់ប្ដូរស្ថានភាពដែលយើងកំពុងប្រឈម នៅក្នុងតំបន់សមុទ្រចិនខាងត្បូង...ដោយស្ថានភាពកំពុងឡើងកម្ដៅខ្លាំង»

គួរបញ្ជាក់ថា បើតាមលោក Marcos រូបលោក និងលោក ចូ បៃដិន គួរតែពិភាក្សាគ្នាឱ្យបានច្បាស់ៗពីសម្ព័ន្ធភាពនៃប្រទេសទាំង២ និងថាតើត្រូវគ្រប់គ្រងភាពតានតឹងជាមួយចិន ដោយរបៀបណា៕