(មូស្គូ)៖ មន្ត្រីការទូតជាន់ខ្ពស់រុស្ស៉ីម្នាក់ បាននិយាយថាហានិភ័យនៃការផ្ទុះជម្លោះយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរទាំង២ គឺរុស្ស៉ី និងសហរដ្ឋអាមេរិក នៅតែបន្ត កើនឡើងជាលំដាប់ នៅចំពោះមុខការត្រៀមធ្វើប្រតិបត្តិការវាយបករបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ធ្វើសេចក្ដីរាយការណ៍ខាងលើ តាមរយៈការដកស្រង់សម្ដីពីលោក វ្ល៉ាឌីមៀ យឺម៉ាកូវ (Vladimir Yermakov) ដែលជាប្រធានទីភ្នាក់ងារ ទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរនៃក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃអង្គារនេះ។ លោក យឺម៉ាកូវ ក៏បានចោទប្រកាន់ផងដែរថាទីក្រុងវ៉ាស៊ីនតោន កំពុងដុតបញ្ឆេះហានិភ័យ ជម្លោះជាមួយរុស្ស៉ី។ «ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តដើរតាមទិសដៅប្រឈមមុខជាមួយរុស្ស៉ីដូចពេលបច្ចុប្បន្ន នោះជោគវាសនានៃសន្ធិសញ្ញា START (ស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ) នឹងត្រូវរលាយបាត់ទាំងស្រុង»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីការទូតរុស្ស៉ីរូបនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីខែមីនាកន្លងទៅ បានប្រាប់រុស្ស៉ីថាបានបញ្ឈប់ការផ្ដោះប្ដូរទិន្នន័យមួយចំនួនទាក់ទងនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោយទីក្រុង មូស្គូ សម្រេចចិត្តធ្វើដូចគ្នានេះដែរ និងជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក ពូទីន ដែលបានប្រកាសព្យួររុស្ស៉ីពីការអនុវត្តសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់រវាងមហាអំណាចទំាង២៕