(ខាទុំ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បាននិយាយថាក្រុមឧត្ដមសេនីយ៍ដែលជាគូភាគីជម្លោះក្នុងប្រទេសស៊ូដង់ បានឈានដល់ការឯកភាពគ្នាលើ បទឈប់បាញ់មួយមានរយៈពេល ៧២ម៉ោង ដោយចាប់ផ្ដើមនៅថ្ងៃអង្គារនេះតទៅ បន្ទាប់ពីបានប្រយុទ្ធគ្នាចាយពេលជាង១០ថ្ងៃមកនេះដែលបានសម្លាប់មនុស្សរាប់រយ នាក់ និងរបួសរាប់ពាន់នាក់ ព្រមទាំងនាំឱ្យមានការជម្លៀសជនបរទេសទ្រង់ទ្រាយធំចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ ២ម៉ោង មុននឹងបទឈប់បាញ់ចូលជាធរមាន លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «ក្រោយការចរចាគ្នា អស់រយៈពេលជាង ៤៨ម៉ោងមកនេះ កងទ័ពស៊ូដង់ SAF និងទាហានប៉ារ៉ា RSF បានយល់ព្រមអនុវត្តបទឈប់បាញ់ថ្នាក់ជាតិមួយ ដោយចាប់ផ្ដើមនៅពាក់កណ្ដាលយប់ថ្ងៃទី២៤ ខែមេសានេះ សម្រាប់រយៈពេល ៧២ម៉ោង»។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក WHO ការវាយប្រយុទ្ធដណ្ដើមអំណាចគ្នានៅក្នុងប្រទេសស៊ូដង់ ជាង១០ថ្ងៃមកនេះ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៤២៧នាក់ និងរបួសជាង ៣,៧០០នាក់។ ចំណែកឯ បណ្ដាប្រទេសជាច្រើនរួមមានទាំងសហរដ្ឋអាមេរិក បាននាំគ្នាជម្លៀសបុគ្គលិកទូត និងពលរដ្ឋរបស់ខ្លួនចេញពី ប្រទេសស៊ូដង់៕