(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីននឹងបញ្ជូនគណៈប្រតិភូកីឡាចំនួន ៨៤០នាក់ ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៤​ ខែមេសា ឆ្នាំ២០២៣។

ក្នុងពិធីលាគ្នាជាមួយអត្តពលិក លោក Marcos បាននិយាយថា ហ្វីលីពីនមានក្តីសង្ឃឹមខ្ពស់ចំពោះអត្តពលិកហ្វីលីពីន ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់នៅខែក្រោយនេះ ហើយរំពឹងថា ពួកគេនឹងនាំយកមេដាយ រង្វាន់ និងកិត្តិយសដល់មាតុភូមិ បន្ទាប់ពីព្រឹត្តិការណ៍នេះ។

ដោយលើកឡើងពីសារៈសំខាន់នៃកីឡាចំពោះសង្គម លោក Marcos បានសន្យាបន្តគាំទ្រអត្តពលិកហ្វីលីពីន និងកម្មវិធីកីឡាហ្វីលីពីន។

លោកបានមានប្រសាសន៍ថា «ប្រសិនបើរដ្ឋបាលនេះ រដ្ឋាភិបាលនេះអាចធ្វើអ្វីបានបន្ថែមទៀត ដើម្បីគាំទ្រដល់កីឡាកររបស់យើង នោះខ្ញុំនឹងធ្វើវាភ្លាម»

គួរបញ្ជាក់ថា កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នៅប្រទេសកម្ពុជា ដែលអត្តពលិកហ្វីលីពីន នឹងប្រកួតប្រជែងក្នុង ៣៨វិញ្ញាសា ក្នុងព្រឹត្តិការណ៍ពហុកីឡាដ៏ធំបំផុតប្រចាំតំបន់នេះ៕