(វ៉ាស៊ីនតោន)៖ អ៊ុយក្រែនត្រូវបានគេរាយការណ៍ថាអាចនឹងបើក «ប្រតិបត្តិការវាយបក» ដណ្ដើមយកទឹកដីរបស់ខ្លួន ដែលរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែខាងមុខទៀតនេះ។ ប៉ុន្តែ មុនប្រតិបត្តិការនេះកើតឡើង មានបញ្ហាធំមួយដែលក្រុមមន្ត្រីក្នុងបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក កំពុងខ្វាយខ្វល់ នោះគឺតំបន់គ្រីមៀ។ មេដឹកនាំអ៊ុយក្រែន រួមមានទាំងលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ពួកគេបានប្ដេជ្ញាចិត្តវាយដណ្ដើមយកមកវិញនូវទឹកដីទាំងអស់ដែលបានបាត់បង់ ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ព្រមទាំងតំបន់គ្រីមៀ ដែល ត្រូវបានរុស្ស៉ីក្រសោបយកបញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤។

ក្រុមមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោន តែងតែទទូចជារឿយៗថាគោលបំណងនៃសង្រ្គាមរបស់អ៊ុយក្រែន គឺអ៊ុយក្រែនខ្លួនឯងជាអ្នកធ្វើការសម្រេចចិត្ត។ តែព្រមពេលជាមួយគ្នា ពួកគេមានការព្រួយបារម្ភថាគោលបំណង ឬមហិច្ឆតាមួយចំនួនអាចនឹង «ហួសពីសមត្ថភាពយោធា» របស់អ៊ុយក្រែន ហើយលោកប្រធានាធិបតី ពូទីន អាចនឹងប្រើ អាវុធនុយក្លេអ៊ែរ ដើម្បីការពារតំបន់សំខាន់ៗ តួយ៉ាងដូចជាតំបន់គ្រីមៀ។ ថាតើតំបន់គ្រីមៀ ស័ក្តិសមនឹងក្លាយជាគោលដៅបន្ទាប់នៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ដែរ ឬក៏យ៉ាងណា គឺវាអាស្រ័យលើការស្វែងយល់ពីទិដ្ឋភាពយោធា នយោបាយ ការទូត និងប្រជាសាស្ត្រ។

* តើការវាយយកតំបន់គ្រីមៀ គឺជាគោលដៅយោធាពិតប្រាកដរបស់អ៊ុយក្រែន ឬ?
ការវាយយកតំបន់គ្រីមៀ គឺជាបេសកកម្មមួយដ៏មានមហិច្ឆតាខ្ពស់ជាទីបំផុត។ មានផ្លូវតែ ២ប៉ុណ្ណោះដែលតភ្ជាប់ពីដីគោកអ៊ុយក្រែន ទៅកាន់តំបន់គ្រីមៀ ដោយផ្លូវទី១ ត្រូវឆ្លងកាត់ច្រកផ្លូវដ៏តូចអង្អៀតមួយ និងផ្លូវមួយទៀតត្រូវឆ្លងកាត់តាមស្ពានគ្រីមៀ។ រូបថតផ្ដិតដោយផ្កាយរណបជាច្រើនសន្លឹកត្រូវបានចេញផ្សាយដោយកាសែត Washington Post កាលពីពេលថ្មីៗនេះបានបង្ហាញពីការពង្រឹងខ្សែការពារយ៉ាងរឹងមាំដោយរុស្ស៉ីនៅក្នុងតំបន់គ្រីមៀកាលពីឆ្នាំ២០២២ ហើយនេះអាចនឹងបង្កជា ឧបសគ្គធំរារាំងយោធាអ៊ុយក្រែន មិនឱ្យទទួលបានជ័យជម្នះក្នុងរយៈពេលខ្លី ឬដោយងាយស្រួលនោះទេ។

គ្រីមៀ ប្រៀបដូចជាតំបន់ភស្ដុភារដ៏សំខាន់មួយដែលគាំទ្រដល់ប្រតិបត្តិការរបស់ទាហានរុស្ស៉ី នៅឯសមរភូមិភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ជាទីដែលប្រតិបត្តិការ វាយបករបស់ទីក្រុងកៀវ អាចនឹងត្រូវធ្វើឡើងនៅទីនេះ។ ខណៈកំពុងត្រៀមធ្វើប្រតិបត្តិការវាយបក មេដឹកនាំយោធាអ៊ុយក្រែនបានអំពាវនាវម្ដងហើយម្ដងទៀតឱ្យបណ្ដា ប្រទេសលោកខាងលិច ផ្ដល់ឱ្យទាហានរបស់ខ្លួននូវប្រព័ន្ធអាវុធបាញ់រយៈចម្ងាយឆ្ងាយ ដើម្បីកុំឱ្យរុស្ស៉ីប្រើប្រាស់តំបន់គ្រីមៀជាកន្លែងគាំទ្រសមរភូមិមុខដោយ សុវត្ថិភាព។ អាវុធប្រភេទនេះមិនអាចជួយឱ្យអ៊ុយក្រែនវាយតំបន់គ្រីមៀពីរុស្ស៉ី បានដោយងាយស្រួលនោះទេ ប៉ុន្តែវាអាចចូលរួមចំណែកយ៉ាងធំដល់ជោគជ័យនៃ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន លើសមរភូមិដីគោក។

* តើអ៊ុយក្រែនមាន «ឆន្ទៈនយោបាយរឹងមាំ» កម្រិតណា ដើម្បីដណ្ដើមយកគ្រីមៀ​ មកវិញ?
ការស្ទង់មតិជាច្រើននាពេលកន្លងមក បានបង្ហាញថាមានសំឡេងគាំទ្រស្ទើរតែឯកច្ឆន្ទ ក្នុងការស្ដារបូរណភាពទឹកដីអ៊ុយក្រែនឡើងវិញ ដោយត្រឡប់ទៅរកស្ថានការណ៍មុនឆ្នាំ២០១៤។ អ្នកនយោបាយអ៊ុយក្រែន ក៏មិនបានជំទាស់នឹងការគំាទ្រគំនិតនេះដែរ ជាពិសេសក្នុងពេលសង្រ្គាមតែម្ដង។ ក៏ប៉ុន្តែ ពួកគេសុទ្ធតែដឹងយ៉ាងច្បាស់ថា វាមិនមែនជាភារកិច្ចងាយស្រួលឡើយ។ នៅមុនពេលរុស្ស៉ី ក្រសោបយកតំបន់គ្រីមៀ ជាចំណុចប្រទាញប្រទង់មួយក្នុងនយោបាយអ៊ុយក្រែន និងធ្លាប់ជាមូលដ្ឋានគាំទ្រ ដ៏រឹងមាំសម្រាប់គណបក្ស Party of Regions ដឹកនាំដោយលោក Viktor Yanukovych ជាអតីតប្រធានាធិបតីអ៊ុយក្រែនដែលបានរត់ភៀសខ្លួនទៅជ្រកកោន នៅរុស្ស៉ី ក្នុងឆ្នាំ២០១៤។

លើសពីនេះទៅទៀត ការប្រែប្រួលនៃប្រជាសាស្ត្រ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បង្កបញ្ហាស្មុគស្មាញដល់ការធ្វើសមាហរណកម្មណាមួយនៃតំបន់គ្រីមៀដែរ។ រុស្ស៉ី បានបញ្ជូនប្រជាជនរបស់ខ្លួនរាប់ម៉ឺននាក់ឱ្យទៅតាំងទីលំនៅក្នុងតំបន់គ្រីមៀ ក្នុងរយៈពេល៩ឆ្នាំមកនេះ។ បើតាមការសិក្សាស្រាវជ្រាវមួយរបស់ហ្វាំងឡង់ ប្រជាជន ដែលរុស្ស៉ីបញ្ជូនឱ្យទៅរស់នៅក្នុងតំបន់គ្រីមៀ មានចំនួន ៣៥០,០០០នាក់ ខណៈអ៊ុយក្រែនវាយតម្លៃថាមានលើស ៦០០,០០០នាក់ ឬស្មើនឹងមួយភាគបីនៃប្រជាជន ក្នុងតំបន់នេះ។ ឆ្លើយតបទៅការប្រែប្រួលនេះ ក្រុមមន្ត្រីអ៊ុយក្រែនបានអំពាវនាវឱ្យមានការបណ្ដេញប្រជាជនរុស្ស៉ីជាលក្ខណៈទ្រង់ទ្រាយធំចេញពីតំបន់គ្រីមៀ ដែលជា ផែនការមួយកំពុងធ្វើឱ្យទីក្រុងកៀវ និងរដ្ឋាភិបាលលោកខាងលិចខ្លះមានការខ្វែងគំនិតគ្នា។

* ចុះបើដូច្នេះ, តើវោហោសាស្ត្ររបស់អ៊ុយក្រែនពីការដណ្ដើមគ្រីមៀ គ្រាន់តែជាការនិយាយចោលមែនទេ?
ពិតណាស់ វាមិនមែនត្រូវទាំងអស់នោះទេ។ វោហោសាស្ត្ររបស់អ៊ុយក្រែនពីការដណ្ដើមគ្រីមៀ មានបង្កប់គោលដៅ និងផលប្រយោជន៍។ នៅពេលដែលរុស្ស៉ី វិនិយោគ លើការពង្រឹងខ្សែការពារក្នុងតំបន់គ្រីមៀ និងដាក់ពង្រាយកម្លាំងទ័ពដែលកំពុងខ្វះខាត ដើម្បីការពារឧបទ្វីបមួយនេះ នោះទីក្រុងមូស្គូ ត្រូវការបង្វែរ ឬដកធនធានចេញពី សមរភូមិ ដែលនេះនឹងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ៊ុយក្រែន នៅលើសមរភូមិសង្រ្គាមផ្សេងទៀត។ ប្រសិនបើ វោហាសាស្ត្រពីការដណ្ដើមយកតំបន់គ្រីមៀ អាច ជួយពង្រឹងការឯកភាពជាតិនៅក្នុងប្រទេសអ៊ុយក្រែន នោះវាក៏ជារឿងល្អមួយផងដែរ។ មួយវិញទៀត តាមរយៈការប្រកាន់ជំហរអះអាងពីបូរណភាពទឹកដែលបណ្ដា រដ្ឋាភិបាលភាគច្រើននៅជុំវិញពិភពលោកទទួលស្គាល់ នោះវានឹងជួយឱ្យមេដឹកនាំអ៊ុយក្រែនយ៉ាងហោចណាស់អាចយកតំបន់គ្រីមៀ «ទៅតថ្លៃជាមួយរុស្ស៉ី» នៅក្នុង កិច្ចចរចាណាមួយនៅពេលអនាគត។

ប៉ុន្តែ វោហាសាស្ត្រទាំងនេះ មិនមែនមានន័យថាវាមិនមានផលអាក្រក់នោះទេ។ ការនិយាយច្រើនពេកពីការដណ្ដើមយកទឹកដីទាំងអស់មកវិញ កំពុងធ្វើឱ្យរដ្ឋាភិបាល លោកខាងលិច មានការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន ដ្បិតថ្វីបើមិនចង់ឱ្យអ៊ុយក្រែនបរាជ័យ ពួកគេក៏មិនចង់បានជ័យជម្នះមួយដែល អាចនឹងបង្កទៅជាសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរជាមួយរុស្ស៉ីនោះដែរ។ ណាមួយ ការយកតំបន់គ្រីមៀមកប្រើជាគំនិតស្នេហាជាតិដែលអាចកំណត់ពីជ័យជម្នះ ឬបរាជ័យ ក៏អាចនឹងរឹតត្បិតដល់ភាពបត់បែនរបស់អ៊ុយក្រែន ក្នុងកិច្ចចរចា ហើយជាពិសេសនោះវានឹងកាន់តែធ្វើឱ្យអ្នកនយោបាយដែលគាំទ្រការធ្វើសង្រ្គាមរហូតដល់ ទីបញ្ចប់ នឹងកាន់តែមានឥទ្ធិពលខ្លាំងក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគមួយចំនួន ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលផ្តោតទៅលើការហ៊ុមព័ទ្ធ និងការកាត់ផ្ដាច់ផ្លូវតភ្ជាប់ពីតំបន់គ្រីមៀ ទៅកាន់ទឹកដី រុស្ស៉ី វាល្អប្រសើរជាងការដណ្ដើមយកតំបន់នេះមកវិញទាំងស្រុង។ ពីព្រោះការធ្វើបែបនេះអាចជួយកាត់បន្ថយហានិភ័យ និងការខាតបង់ខ្ពស់ពេក ក៏ដូចជាអាច កាត់បន្ថយការព្រួយបារម្ភរបស់លោកខាងលិចពីជម្លោះនុយក្លេអ៊ែរទៀតផង។ ក្រុមប្រទេសលោកខាងលិចគាំទ្រអ៊ុយក្រែន ទំនងជានឹងមិនជំទាស់នោះទេចំពោះ ការវាយប្រហារលើទីតាំងសំខាន់ៗក្នុងតំបន់គ្រីមៀ ដែលរុស្ស៉ីប្រើជាមូលដ្ឋានគាំទ្រដល់សមរភូមិ ហើយពួកគេក៏ទទួលស្គាល់ដែរថាវាជាយុទ្ធសាស្ត្រយោធា មួយអាចយកជាការបាន។

ឧបសគ្គនយោបាយនៅក្នុងស្រុក នឹងបន្តជំរុញឱ្យមេដឹកនាំអ៊ុយក្រែននៅតែបន្តរក្សាការប្រកាន់ខ្ជាប់នូវគោលជំហរមិនបោះចោលតំបន់គ្រីមៀ។ ក្នុងន័យនេះ វោហាសាស្ត្រ របស់អ៊ុយក្រែនបច្ចុប្បន្ន អាចនឹងក្លាយជាឧបសគ្គដល់ការទូតនៅពេលអនាគត។ ជ័យជម្នះនៃប្រតិបត្តិការវាយបក អាចនឹងកាន់តែពង្រឹងគំនិតស្នេហាជាតិ ហើយអាចនឹង កាត់បន្ថយគំនិតដែលយល់ថាអ៊ុយក្រែនឹងអស់ខ្យល់ ក្នុងពេលដំណាលគ្នាដែរ។ ដូច្នេះ បញ្ហាប្រឈមសម្រាប់មេដឹកនាំអ៊ុយក្រែន គឺត្រូវធ្វើយ៉ាងណាអាចស្វែងរក មធ្យោបាយមួយសំដៅយកគំនិតស្នេហាជាតិ មកប្រើជាប្រយោជន៍ដើម្បីទទួលបានលទ្ធផលមួយដែលហាក់ដូចជាជ័យជម្នះ ប៉ុន្តែគួរតែបញ្ឈប់គោលដៅមួយដែល ហួសពីសមត្ថភាពរបស់ខ្លួនឯង៕