(ខារទូម)៖ បរទេសសម្រុកជម្លៀសពលរដ្ឋរបស់ពួកគេ ចេញពីប្រទេសស៊ូដង់ដែលហែកហួរដោយភាពអនាធិបតេយ្យ ជាកន្លែងដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈការប្រយុទ្ធគ្នាបានអូសបន្លាយរយៈពេលដប់ថ្ងៃ រវាងកងកម្លាំងស្មោះត្រង់នឹងឧត្តមសេនីយពីររូប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។
ជាមួយនឹងការប៉ះទង្គិចគ្នារវាងកងទ័ព និងកងកម្លាំងប្រដាប់អាវុធម្តងទៀតនៅក្នុងទីក្រុងខារទូម និងទូទាំងប្រទេស អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិស៊ូដង់ដែលភ័យស្លន់ស្លោកំពុងតែរខ្វះខាតទឹក អាហារ ឱសថ និងប្រេងឥន្ធនៈ ក៏ដូចជាការកាត់ផ្តាច់ថាមពល និងអ៊ីនធឺណិតផងដែរ។
យ៉ាងហោចណាស់មនុស្ស ៤២៧នាក់បានស្លាប់ និងជាង ៣,៧០០នាក់បានរងរបួស នេះបើយោងតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលរាយការណ៍ផងដែរថា ជនស៊ីវិលស៊ូដង់កំពុង «ភៀសខ្លួនចេញពីតំបន់ដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នា ទៅកាន់ប្រទេសជិតខាងដូចជា ប្រទេសឆាដ អេហ្ស៊ីប និងស៊ូដង់ខាងត្បូង»។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើននៅអឺរ៉ុប មជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ី បានចាប់ផ្តើមបេសកកម្មសង្គ្រោះបន្ទាន់ ដើម្បីនាំបុគ្គលិកស្ថានទូត និងប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសស៊ូដង់ ទៅតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ។
កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍តាមរយៈឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះអ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេកាលពីថ្ងៃអាទិត្យ ខណៈពេលដែលចក្រភពអង់គ្លេស បានចាប់ផ្តើមបេសកកម្មជួយសង្គ្រោះស្រដៀងគ្នានេះ ដែលមានការចូលរួមពីទាហានជាង ១,០០០នាក់។
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថា ពលរដ្ឋសហភាពអឺរ៉ុបជាង ១,០០០នាក់ត្រូវបានជម្លៀសចេញ ក្នុងអំឡុងពេល «ចុងសប្តាហ៍ដ៏វែង និងតានតឹង» នៃបេសកកម្មរបស់ប្រទេសបារាំង អាល្លឺម៉ង់ និងរដ្ឋសមាជិកផ្សេងទៀត៕