(ប៉េកាំង)៖ មន្រ្តីជាន់ខ្ពស់ផ្នែកអវកាសចិនម្នាក់ បានបង្ហើបឱ្យដឹងថា ប្រទេសចិនកំពុងគ្រោងចេញបេសកកម្មមួយ នៅខ្ទង់ឆ្នាំ២០២៥ ដើម្បីបញ្ជូនយានអវកាសគ្មានផ្ទុកមនុស្ស ១គ្រឿង ឱ្យទៅប្រមូលយកគំរូតាងពីអាចម៍ផ្កាយមួយប្រភេទនៅក្បែរផែនដី ព្រមទាំងស្រាវជ្រាវ​ផ្កាយដុះកន្ទុយមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

កម្មវត្ថុចម្បងរបស់បេសកកម្មខាងលើ ដែលនឹងហៅថា ធានវិន-២ (Tianwen-2) គឺបញ្ជូនយានរ៉ូបូតមួយគ្រឿង ទៅកាន់អាចម៍ផ្កាយ 2016HO3 ដើម្បីប្រមូលយកគំរូតាងពីវា។ ប្រសិនបើទទួលជោគជ័យ វានឹងជាការប្រមូលគំរូតាងពីអាចម៍ផ្កាយលើកដំបូងសម្រាប់ចិន។ ក្រោយបញ្ចប់ការងារនេះ យានអវកាសនោះ ត្រូវគេរំពឹងថា នឹងបន្តដំណើររបស់វា ដើម្បីទៅសិក្សាស្រាវជ្រាវផ្កាយដុះកន្ទុយមួយផងដែរ ដែលស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។

អាចម៍ផ្កាយ 2016HO3 ដែលមានអង្កត់ផ្ចិតមិនលើស១០០ម៉ែត្រឡើយនោះ ត្រូវបានប្រទះឃើញជាលើកដំបូងដោយ ប្រព័ន្ធតេឡេស្កូប Pan-STARRS 1 នៅកោះហាវ៉ៃ កាលពីខែមេសា ឆ្នាំ២០១៦។ អាចម៍ផ្កាយនោះគោចរជុំវិញព្រះអាទិត្យ ក្នុងគន្លងមួយដែលប្រហាក់​ប្រហែលទៅនឹងគន្លងគោចររបស់ផែនដី ហើយវាក៏ធ្វើដំណើរក្រឡឹងជុំវិញផែនដី ប្រៀបដូចជាផ្កាយរណបផងដែរ។

យ៉ាងណាក្តី ចិននឹងមិនមែនជាប្រទេសទីមួយ ដែលទៅចុះចតលើអាចម៍ផ្កាយនោះទេ។ កាលពីឆ្នាំ២០២១ យាន OSIRIS-REx របស់​ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) បានចុះចតនៅលើអាចម៍ផ្កាយឈ្មោះថា Bennu ដែលស្ថិតនៅចម្ងាយប្រហែល ៣២០លានគីឡូម៉ែត្រពីផែនដី។ រីឯកាលពីឆ្នាំ២០១៩ យានអវកាសមួយគ្រឿងរបស់ជប៉ុន បានទៅចុះលើអាចម៍ផ្កាយឈ្មោះថា Ryugu ដែលនៅចម្ងាយ២៥០លានគីឡូម៉ែត្រពីភពរបស់យើង។

គួរបញ្ជាក់ថា យានអវកាសគ្មានផ្ទុកមនុស្សនៃបេសកកម្ម Tianwen-1 របស់ចិន បានចុះទៅដល់លើផ្ទៃភពអង្គារ កាលពីឆ្នាំ២០២១ ដែលធ្វើឱ្យចិន​ក្លាយជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានយានចុះចតនៅលើភពក្រហមនោះ។ ជាមួយគ្នានេះ ចិនក៏មានផែនការបេសកកម្ម Tianwen-3 ផងដែរ ដែលជាការប្រមូលយកគំរូតាងពីលើផ្ទៃភពអង្គារ ត្រឡប់មកកាន់ផែនដីវិញ៕