(ប៉េកាំង)៖ ជាសច្ចភាពដែលមិនអាចប្រកែកបានដែលថាប្រទេសចិន ដែលមានប្រវត្តិសាស្ត្ររបស់ខ្លួនជាង៥០០០ឆ្នាំ មានបរិមាណប្រជាជនច្រើនលើសលុប គួបផ្សំជាមួយនឹងភាពវាងវៃក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ដែលបានលើកតម្កើងជីវភាពរស់នៅកាន់តែបវរជូនដល់ប្រជាជនចិន នាំឱ្យបរិមាណរបស់ប្រជាជនចិននៅតែឈរលើលំដាប់ខ្ពស់ នៃចំនួនប្រជាជនដែលមានជីវភាពប្រសើរនៅលើពិភពលោក ។

បរិមាណប្រកបដោយគុណភាពនៃជនជាតិចិន បាននាំប្រទេសចិនក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ ហើយបន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់វិថីល្បឿនលឿននៃការអភិវឌ្ឍ និងការធ្វើទំនើបកម្មសង្គមតាមបែបផែនចិនដើម្បីសម្រេចបាន នូវសុបិនចិនក្នុងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន។ ជាតថភាពដែលពិភពលោកបានផ្តល់ដល់ ការយល់ដឹងរបស់យើងទាំងអស់គ្នាថាការវិនិយោគលើ ប្រព័ន្ធអប់រំគឺជាកាតព្វកិច្ចនិងជាភារកិច្ចស្នូលនិងអាទិភាពបំផុត របស់រដ្ឋាភិបាលក្នុងការបង្កើនបរិមាណធនធាន មនុស្សសម្រាប់ជាតិនិងសម្រាប់សកលលោកផងដែរ។ ជនជាតិចិន ដែលពោរពេញដោយភក្តីភាព ចំពោះការសិក្សាស្របនឹងទស្សនៈរបស់ ខុងជឺ ដែលតែងបានពោលថា «យើងនឹងអាចរៀនសូត្រ ពីមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ដែលយើងបានប្រាស្រ័យទាក់ទង» ដែលនេះជាឃ្លាយ៉ាងសាមញ្ញដោយបង្កប់ នូវអត្ថន័យលើកកម្ពស់ការសិក្សានិងបង្កើនមរតកហ្សែនឈ្វេងយល់ និងបង្កើនពុទ្ធិទៅកាន់ជំនាន់ក្រោយ ដើម្បីប្រែក្លាយពុទ្ធិនិងបទពិសោធន៍ ដែលទទួលបានទៅជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការអភិវឌ្ឍជាតិ និងអភិវឌ្ឍសកលដែលជាខ្លឹមសារសំខាន់មួយ នៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

ជាការពិតដែលប្រទេសចិនបានលាតត្រដាងជាសាធារណៈថាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ យានអវកាសចិននឹងផ្អែកលើដំណាក់កាល អភិវឌ្ឍថ្មី អនុវត្តគំនិតអភិវឌ្ឍថ្មី កសាងគំរូអភិវឌ្ឍថ្មី និងស្របតាមតម្រូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃវិទ្យាសាស្ត្រអវកាស បច្ចេកវិទ្យា អវកាស និងកម្មវិធីអវកាស ។ នេះជាការចាប់ផ្តើមដំណើរថ្មីដើម្បីកសាង ក្នុងគ្រប់មធ្យោបាយប្រទេសដ៏មានឥទ្ធិពល នៃលំហអាកាសដែលប្រទេសចិននឹងចូលរួមចំណែក កាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេសទាំងមូល ដោយខិតខំលើកកម្ពស់កិច្ចកសាង«សហគមន៍រួមវាសនានៃមនុស្សជាតិ» និងលើកស្ទួយវឌ្ឍនភាពនៃអរិយធម៌សកល របស់មនុស្សជាតិក្នុងវិស័យអវកាស។ ឧស្សាហកម្មអវកាសរបស់ប្រទេសចិនដែលពោរពេញ ដោយសក្តានុពលមិនអាចកាត់ផ្តាច់ពីកិច្ចខិតខំ របស់រដ្ឋាភិបាលចិនក្នុងការវិនិយោគយ៉ាងមហិមា លើវិស័យអប់រំដើម្បីបង្កើនទាំងបរិមាណ ទាំងគុណភាពធនធានមនុស្សនោះឡើយ។

ជាគោលនយោបាយអប់រំប្រកបដោយនិយាមវិទ្យាសាស្រ្ត ដែលថាធនធានមនុស្សរបស់ប្រទេសចិនបានបង្កើត ឱ្យមានបដិវត្តន៍ថ្មីផ្អែកលើនវានុវត្តភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា5G និងបច្ចេកវិទ្យាវិទ្យាសាស្ត្រជឿនលឿននានា បញ្ញាសិប្បនិម្មិតជំនាន់ទី២ ហើយដែលតាមរយៈរបកគំហើញវិទ្យាសាស្ត្រ បច្ចេកវិទ្យាដ៏ជឿនលឿនខ្លាំងក្លាបែបនេះ ទើបទាំងចិន ទាំងពិភពលោកបានទាញយកសក្ដានុពលពី បច្ចេកវិទ្យារបស់ចិនសម្រាប់ការអភិវឌ្ឍសកល។ នវានុវត្តភាពវិទ្យាសាស្ត្របច្ចេកវិទ្យាចិន នឹងបើកចំហនូវវិសាលភាព ហើយនាំមកនូវកាលានុវត្តភាពនានាដោយបង្កើតកម្លាំងជំរុញ និងលើកកម្ពស់ភាពជឿនលឿន នៃឧស្សាហូបនីយកម្មថ្មីៗជាច្រើនដែលបម្រើដល់ វិស័យពាក់ព័ន្ធទាំងអស់នៅក្នុងពិភពលោក ហើយដែលបង្កើនប្រសិទ្ធភាពដល់ ការលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជាតិ ក្នុងចរន្តនៃការអភិវឌ្ឍសកល។

ជាទស្សនវិជ្ជារាប់ពាន់ឆ្នាំដែលចិនតែងប្រកាន់យកនោះគឺ «ផ្តល់ការអប់រំឱ្យចេះស្ទូចត្រី ប្រសើរជាផ្តល់ត្រី» បានក្លាយជាគុណតម្លៃស្នូល នៃការអភិវឌ្ឍធនធានមនុស្សទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ហើយដែលប្រទេសចិនបានផ្តល់អាហារូបករណ៍ជាច្រើន លើគ្រប់ជំនាញដល់សិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ បញ្ញវន្ត ក្រុមអ្នកគិតនៅបរទេសនានាមកបន្តការសិក្សា ការចែករំលែក ការពង្រឹងនិងពង្រីកពុទ្ធិនិងបទពិសោធន៍ មហាសាលនៃវឌ្ឍនភាពវិទ្យាសាស្រ្តដែលក្នុងនោះក្នុងចំណោមសិស្ស និស្សិតបរទេសរាប់សិបម៉ឺននាក់ ក្នុង១ឆ្នាំៗ កម្ពុជាមានសិស្ស និស្សិតច្រើនជាង១០០០នាក់បានមកបន្តការសិក្សា នៅក្នុងប្រទេសចិនដើម្បីចូលរួមចំណែកដើរលើមាគ៌ាទំនើបកម្ម នៃអរិយធម៌សកលដែលតែងបានផ្តល់នូវទំនុកចិត្តដល់ពិភពលោក ស្តីពីសន្តិភាពនិងការអភិវឌ្ឍក្រោមទម្រកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៃយន្តការពហុភាគីនិយម។

ជារួមប្រទេសចិនមិនត្រឹមជាប់ចំណាត់ថ្នាក់ ក្នុងចំណោមបណ្តាប្រទេសជឿនលឿននៅផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានបង្កើនបរិមាណនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្សដ៏ច្រើនបំផុត ប្រកបដោយនវានុវត្តភាពឱ្យដើរតួនាទីកាន់តែខ្លាំងក្លា ក្នុងការគាំទ្រនិងជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងការបង្កើនទាំងបរិមាណ ទាំងគុណភាពធនធានមនុស្សដល់ប្រទេសនានា ក្នុងពិភពលោកថែមទៀតផង។ គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិន បាននិងកំពុងបង្កើនល្បឿនកាន់តែលឿន ក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ជូនដល់មនុស្សជាតិនៅលើពិភពលោក តាមរយៈបរិមាណប្រកបដោយគុណភាពកម្រិតខ្ពស់ នៃធនធានមនុស្សរបស់ប្រទេសចិន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន