(មូស្គូ)៖ អភិបាលតំបន់ដែលតែងតាំងដោយក្រុងមូស្គូ បាននិយាយថា កងនាវាសមុទ្រខ្មៅរបស់រុស្ស៉ីបានវាយលុកឆ្លើយតប លើការវាយប្រហារដោយយន្តហោះដ្រូន លើទីក្រុងកំពង់ផែស៉ីវ៉ាស្តូប៉ូល (Sevastopol) នៃតំបន់គ្រីមៀ នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។
អភិបាលក្រុងស៉ីវ៉ាស្តូប៉ូល លោក មីកាអែល រ៉ាស់វ៉ូហ្សេវ (Mikhail Razvozhaev) បានឲ្យដឹងតាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា «យោងតាមព័ត៌មានចុងក្រោយបង្អស់ ដ្រូនហោះនៅលើផ្ទៃអាកាសមួយគ្រឿងត្រូវបំផ្លាញ ខណៈដ្រូនទី២ ផ្ទុះដោយខ្លួនឯង។ ពេលនេះស្ថានភាពក្នុងទីក្រុងមានភាពស្ងប់ស្ងាត់ហើយ»។ លោក រ៉ាស់វ៉ូហ្សេវ បានបន្ថែមថា «គ្មានការបំផ្លិចបំផ្លាញណាមួយ ត្រូវបានរកឃើញនោះទេ»។
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៉ី ក៏បានរាយការណ៍ដោយដកស្រង់សំដីរបស់អាជ្ញាធរដឹកជញ្ជូនរបស់ទីក្រុងស៉ីវ៉ាស្តូប៉ូល ឲ្យដឹងថា មិនមានហេតុផលណាមួយត្រូវបានផ្តល់ឲ្យនោះទេ ប៉ុន្តែមានការផ្អាកចរាចរណ៍ដោយសារតែការវាយប្រហារពីយន្តហោះដ្រូន។
គួរបញ្ជាក់ថា Sevastopol រួមជាមួយតំបន់ដទៃទៀតនៃឧបទ្វីបគ្រីមៀ ត្រូវបានប្រកាសថាជាឧបសម្ព័ន្ធដោយរុស្ស៊ីក្នុងឆ្នាំ២០១៤ ប៉ុន្តែនៅតែទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន។ ភ្លាមៗនេះ អ៊ុយក្រែននៅមិនទាន់មានប្រតិកម្មឆ្លើយតបនោះទេ ជុំវិញសេចក្តីរាយការណ៍នេះ៕