(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនគោរពឋានៈជារដ្ឋអធិបតេយ្យ របស់បណ្តាប្រទេសទាំងអស់ ដែលធ្លាប់ស្ថិតនៅក្រោមសហភាពសូវៀត បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង បានបង្កភាពចម្រូសចម្រាសនៅតំបន់អឺរ៉ុប ក្រោយចោទសួរអំពីអធិបតេយ្យនិងឯករាជ្យភាពនៃប្រទេសទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ចិនគោរពឋានៈជារដ្ឋអធិបតេយ្យនៃបណ្តាប្រទេសនានា ដែលលេចឡើងក្រោយការដួលរលំនៃសហភាពសូវៀត។ ចិនគោរពអធិបតេយ្យ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា ហើយប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ក្រោយការដួលរលំនៃសហភាពសូវៀត ចិនស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយ បណ្តាប្រទេសដែលពាក់ព័ន្ធ។ ចាប់តាំងពីនោះមក ចិនតែងតែគោរពជានិច្ចចំពោះគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងសមភាពក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បែបមិត្តភាព និងប្រកបដោយកិច្ចសហប្រតិបត្តិការ»។
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងប៉ារីស លោក លូ សាយេ (Lu Shaye) បានបង្កឱ្យមានភាពចម្រូសចម្រាសនិងការខឹងសម្បារ ក្រោយធ្វើការអត្ថាធិប្បាយថា បណ្តាប្រទេសដែលកើតឡើង ក្រោយសហភាពសូវៀតដួលរលំ គឺមិនមានឋានៈពិតប្រាកដ នៅក្រោមច្បាប់អន្តរជាតិឡើយ ដោយសារតែពុំមានកិច្ចព្រមព្រៀងអន្តរជាតិណា ដែលទទួលស្គាល់ឋានៈជារដ្ឋមានអធិបតេយ្យពេញលេញរបស់ប្រទេសទាំងនោះ។ ប្រមុខគោលនយោបាយការបរទេស នៃសហភាពអឺរ៉ុប លោក ចូសេព បូរែល (Josep Borrell) បានហៅសម្តីរបស់លោក លូ ជារឿងមិនអាចទទួលយកបាន ប៉ុន្តែយល់ថា វាហាក់មិនមែនតំណាងឱ្យគោលជំហរផ្លូវការរបស់ចិនទេ៕