(ប៊ែន)៖ ប្រទេសស្វីសបានសម្រេចបិទស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុងខាទុំ (Khartoum) ដោយផ្អែកលើស្ថានភាពសន្តិសុខ នៅក្នុងប្រទេសស៊ូដង់ ហើយបានជម្លៀសបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេដោយសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសស្វីស លោក អ៉ីកណាស៉ីអូ ខាសស៉ីស (Ignazio Cassis) បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «បុគ្គលិកស្ថានទូតរបស់យើង និងក្រុមគ្រួសាររបស់ពួកគេត្រូវបានជម្លៀសចេញពីស៊ូដង់ហើយ ដោយសុវត្ថិភាព»។ យ៉ាងនេះក្តី ក្រសួងការបរទេសស្វីស មិនបានលម្អិតថាមានមនុស្សប៉ុន្មាននាក់ត្រូវបានជួយសង្គ្រោះទេ គ្រាន់តែបញ្ជាក់ថាស្ថានភាពពួកគេល្អប្រសើរ ដោយក្នុងនោះមនុស្សពីរនាក់កំពុងធ្វើដំណើរទៅកាន់ប្រទេសអេត្យូពីដែលនៅជិតខាងស៊ូដង់ ហើយអ្នកផ្សេងទៀតត្រូវបានជម្លៀស ទៅកាន់ប្រទេសជីប៊ូទី (Djibouti) ដោយមានជំនួយពីប្រទេសបារាំង។

បើតាមក្រសួងការបរទេសស្វីសកាលពីសប្តាហ៍មុន មានជនជាតិស្វីសប្រហែល ១០០នាក់បានចុះឈ្មោះស្នាក់នៅឯស៊ូដង់ ខណៈដែលអ្នកផ្សេងទៀតអាចទៅលេងតំបន់សមុទ្រក្រហមក្នុងនាមជាអ្នកទេសចរ។ ពេលនេះដំណើរការជួយម្លៀសកំពុងបន្ត។

គួរបញ្ជាក់ថា ប្រទេសនានា កំពុងដំណើរការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសស៊ូដង់ ដែលកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ព និងកងកម្លាំងទាហានប៉ារ៉ា ដែលបានសម្លាប់មនុស្សកើនឡើងដល់ ៤២០នាក់ហើយ គិតចាប់តាំងពីថ្ងៃទី១៥ ខែមេសា៕