(ប៉េកាំង)៖ ចិននិងសិង្ហបុរីកំពុងត្រៀមធ្វើសមយុទ្ធយោធារួមគ្នា ដែលនឹងជាសមយុទ្ធយោធាដំបូងរវាងប្រទេសទាំងពីរគិតចាប់តាំងពីឆ្នាំ២០២១ ខណៈទីក្រុងប៉េកាំងព្យាយាមធ្វើឱ្យ ទំនាក់ទំនងផ្នែកការពារជាតិនិងសន្តិសុខរបស់ខ្លួន កាន់តែមានភាពស៉ីជម្រៅនៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិចិនបានប្រកាសនៅលើវែបសាយរបស់ខ្លួនថា កងទ័ពជើងទឹកចិននឹងចល័តនាវាចម្បាំងបំពាក់មីស៉ីល យ៊ូលីន (Yulin) ព្រមទាំងនាវាស្វែងរកគ្រាប់មីនក្រោមផ្ទៃទឹក ឈីប៊ី (Chibi) ទៅចូលរួមសមយុទ្ធយោធាផ្លូវទឹកខាងលើ ដែលនឹងមានរយៈពេលចាប់ពីចុងខែមេសានេះ ដល់ដើមខែឧសភា ប៉ុន្តែពុំមានការបញ្ជាក់ពីទីតាំងនៃលំហាត់យោធានោះឡើយ។

កាលពីឆ្នាំ២ឆ្នាំមុន ចិននិងសិង្ហបុរី បានធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង ក្នុងដែនទឹកអន្តរជាតិ នៅចុងភាគខាងត្បូង នៃសមុទ្រចិនខាងត្បូង បន្ទាប់ពីពួកគេបានពង្រឹងបន្ថែម​កិច្ចព្រមព្រៀងការពារជាតិទ្វេភាគី នៅឆ្នាំ២០១៩ ដើម្បីឱ្យមានការធ្វើសមយុទ្ធរួមគ្នាក្នុងទ្រង់ទ្រាយធំជាងមុន រវាងកងទ័ពជើងទឹក ជើងទឹក និងជើងអាកាសរបស់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការកើនឡើងនៃការធ្វើប្រាស្រ័យទាក់ទងយោធារបស់ចិន នៅតំបន់អាស៉ីអាគ្នេយ៍ ត្រូវគេរំពឹងថានឹងប្រជែងឥទ្ធិពល ដែល​សហរដ្ឋអាមេរិកបានកសាង ជាមួយបណ្តាប្រទេសក្នុងតំបន់ រួមមានសិង្ហបុរីនិងឥណ្ឌូណេស៉ី ជាដើម៕