(បែរឡាំង)៖ យន្តហោះរបស់កងទ័ពអាកាសអាល្លឺម៉ង់ ដែលដឹកមនុស្សចំនួន ១០១នាក់ពីប្រទេសស៊ូដង់ បានចុះចតនៅក្នុងទីក្រុងបែរឡាំងហើយកាលពីព្រឹកថ្ងៃចន្ទនេះ ខណៈប្រទេសនានាកំពុងប្រញាប់ប្រញាល់នាំយកពលរដ្ឋរបស់ខ្លួន ចេញពីរដ្ឋធានីខាទុំ (Khartoum) ដែលកំពុងរញ្ជួយដោយការប្រយុទ្ធគ្នា ទោះជាមានបទឈប់បាញ់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

យោធាអាល្លឺម៉ង់ បានឲ្យដឹងថា កងកម្លាំងរបស់កងទ័ពអាកាសអាល្លឺម៉ង់ បានដឹកជញ្ជួនមនុស្សចំនួន ៣១១នាក់មកទល់ពេលនេះ ចេញពីអាកាសយានដ្ឋានក្បែរទីក្រុងខាទុំ ហើយក្រុមទី ១បានត្រឡប់ទៅដល់ទីក្រុងបែរឡាំងហើយនៅថ្ងៃចន្ទ តាមរយៈជើងយន្តហោះ Airbus A321 ពីមូលដ្ឋានអាល់ អាសរ៉ាក (Al Azrak) ក្នុងប្រទេសហ្ស៊កដានី ដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌល សម្រាប់ប្រតិបត្តិការជម្លៀស។ យ៉ាងនេះក្តី យោធាអាល្លឺម៉ង់ មិនបានផ្តល់ព័ត៌មានលម្អិតថាអ្នកដែលត្រូវជម្លៀសខ្លួននោះ ជាពលរដ្ឋអាល្លឺម៉ង់ ឬមានសញ្ជាតិពីប្រទេសផ្សេងទៀតទេ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានបង្កឲ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេស ដែលមានភាពក្រីក្រស្រាប់ទៅហើយមួយនេះ ដោយបន្សល់ទុកនូវមនុស្សរាប់លាននាក់ ឲ្យគ្មានលទ្ធភាពទទួលបានសេវាមូលដ្ឋានសង្គម។ មនុស្សស្លាប់បានកើនឡើងដល់ ៤២០នាក់ គិតចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា គឺ ៤ឆ្នាំបន្ទាប់ពីមេដឹកនាំផ្តាច់ការដែលកាន់អំណាចយូរ លោក អូម៉ា អាល់ បាសៀ (Omar al-Bashir) ត្រូវបានផ្តួលរំលំ៕