(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃចន្ទនេះថា អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន (Ban Ki Moon) បានធ្វើដំណើរមកដល់ប្រទេសអាស៊ានមួយនេះ ដែលកំពុងបន្តស្ថិតក្នុងវិបត្តិយ៉ាងបង្ហូរឈាម ចាប់តាំងពីផ្ទុះរដ្ឋប្រហារកាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

កិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា ដែលបង្កឡើងដោយរដ្ឋប្រហាររបស់យោធាប្រទេសនេះ គឺបានជាប់គាំង ដោយរបបសឹក​មិនអើពើការរិះគន់ របស់សហគមន៍អន្តរជាតិ ជុំវិញសកម្មភាពបង្រ្កាបដ៏ចាស់ដៃរបស់ខ្លួនលើក្រុមអ្នកប្រឆាំង ហើយមិនព្រមបើកទ្វារទទួល​យកការចរចាគ្នាជាមួយគូបដិបក្ខ។

សារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា លោក បាន គីមូន និងក្រុមការងាររបស់លោក បានធ្វើដំណើរមកដល់រដ្ឋធានីណៃពិដោ តាមជើងយន្តហោះកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា មិនបានផ្តល់​ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់លោក បាន ឡើយ ប៉ុន្តែរូបលោក ត្រូវគេស្គាល់ថា ជាសមាជិកនៃក្រុមថ្នាក់ដឹកនាំពិភពលោក ផ្តួចផ្តើមបង្កើតឡើងដោយអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ណែលសុន ម៉ាន់ដេឡា (Nelson Mandela) ដែលធ្វើការ​ដើម្បីលើកកម្ពស់សន្តិភាពនិងបន្ធូរបន្ថយភាពតានតឹងនៃជម្លោះ។

លោក បាន គីមូន ក៏ធ្លាប់បានធ្វើដំណើរមកមីយ៉ាន់ម៉ាប៉ុន្មានលើកដែរ អំលុងពេលលោកនៅជាប្រមុខ UN។ កាលពីឆ្នាំ២០០៩ លោកបានធ្វើដំណើរមកកាន់មីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធឱ្យរបបយោធាកាលពីពេលនោះ ដោះលែងលោកស្រី អោងសាន ស៊ូជី។ រីឯ​នៅឆ្នាំ២០១៦ ដោយលោកស្រី ស៊ូជី ត្រូវបានដោះលែង និងមានតួនាទីជា មេដឹកនាំរដ្ឋាភិបាលស៉ីវិលរបស់មីយ៉ាន់ម៉ា លោក បាន គីមូន ក៏បានត្រឡប់មកវិញជាថ្មីម្តងទៀត ដើម្បីពង្រឹងការគាំទ្ររបស់អន្តរជាតិ ចំពោះកិច្ចប្រឹងប្រែងរបស់លោកស្រី ក្នុងសម្រេចឱ្យបាន កិច្ចព្រមព្រៀង​សន្តិភាពជាមួយក្រុមឧទ្ទាមជាច្រើននៃជនជាតិភាគតិចរបស់ប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួនសាជាថ្មី ក្រោយផ្ទុះរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ ដែលបានរុញច្រានឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងភាពវឹកវរ ហើយធ្វើឱ្យសេដ្ឋកិច្ចប្រទេសធ្លាក់ដុនដាបខ្លាំង។ តុលាការមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី ចប់រួចរាល់កាលពី​ខែធ្នូ ឆ្នាំ២០២២ ដោយលោកស្រីត្រូវជាប់ពន្ធនាគារ រយៈពេលសរុប៣៣ឆ្នាំ។ បេសកជនពិសេសរបស់ UN ទទួលបន្ទុកមីយ៉ាន់ម៉ា ធ្លាប់បានស្នើ​សុំជួបមុខលោកស្រី ស៊ូជី កំលុងទស្សនកិច្ចកាលពីខែសីហា ឆ្នាំមុន ប៉ុន្តែត្រូវបានរបបសឹកបដិសេធ៕