(ប៉េកាំង)៖ នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃចន្ទនេះ មន្រ្តីទូតចិនប្រចាំសហភាពអឺរ៉ុប (EU) បាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយអឺរ៉ុប និងប្រទេសផ្សេងទៀតគឺ «គ្មានទីបញ្ចប់» ដូចជាទំនាក់ទំនង «គ្មានដែនកំណត់» របស់ខ្លួនជាមួយរុស្ស៉ីយ៉ាងដូច្នោះដែរ ដោយផ្តល់ការធានាឡើងវិញខ្លះៗអំពីការរក្សាជំហរអព្យាក្រឹតភាពរបស់ទីក្រុងប៉េកាំង ចំពោះអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

លោក ហ្វូ កុង (Fu Cong) ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំ EU បានប្រាប់កាសែតចិន The Paper យ៉ាងដូច្នេះថា «ភាគីអឺរ៉ុបគួរតែយល់ឲ្យបានត្រឹមត្រូវ នូវអ្វីដែលជាកិច្ចសហប្រតិបត្តិការគ្មានដែនកំណត់។ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានា គឺគ្មានទីបញ្ចប់ ហើយមិនគួរកម្រិតដោយត្រឹមភាពមិនច្បាស់លាស់នោះទេ។ កិច្ចសហប្រតិបត្តិការចិន-រុស្ស៉ី គឺគ្មានដែនកំណត់ ហើយក៏ដូចគ្នាដែរសម្រាប់ប្រទេសចិន និងអឺរ៉ុប»។ លោក ហ្វូ បានព្រមានប្រឆាំងនឹង ការប៉ុនប៉ងប្រើប្រាស់ទំនាក់ទំនងចិន-រុស្ស៉ី ដើម្បីសាបព្រួសជម្លោះរវាងចិននិងអឺរ៉ុប ហើយបដិសេធការលើកឡើងដែលថា ចិនដឹងមុនអំពីសង្រ្គាមនៅអ៊ុយក្រែន ឬបានផ្គត់ផ្គង់អាវុធដល់រុស្ស៉ី ផងដែរ។

គួរបញ្ជាក់ថា បទសម្ភាសន៍ខាងលើនេះកើតមានឡើង ក្រោយពេលដែលមានការលើកឡើងយ៉ាងចម្រូងចម្រាស របស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង ជុំវិញការចោទសួរអំពីអធិបតេយ្យភាពរបស់អតីតរដ្ឋសហភាពសូវៀត រួមទាំងអ៊ុយក្រែន ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន។

កាលពីខែមីនា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល ក៏ធ្លាប់បានលើកឡើងថា វាជាការលំបាកខ្លាំងណាស់សម្រាប់សហភាពអឺរ៉ុប ក្នុងការរក្សាទំនុកចិត្តជាមួយប្រទេសចិន ប្រសិនបើចិនមិនរួមចំណែកស្វែងរកដំណោះស្រាយនយោបាយ ដោយការគាំទ្រឲ្យរុស្ស៉ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែននោះ៕