(វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) លោក សាម៉ាន់ថា ផោវឺ (Samantha Power) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះថា USAID បានដាក់ពង្រាយក្រុមអ្នកជំនាញឆ្លើយតបគ្រោះមហន្តរាយសម្រាប់ប្រទេសស៊ូដង់ ដើម្បីសម្របសម្រួលលើបញ្ហាមនុស្សធម៌ ខណៈដែលការប្រយុទ្ធគ្នាក្នុងប្រទេសកាន់តែកក្រើក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ផោវឺ បានឲ្យដឹងថា នៅដំណាក់កាលដំបូងក្រុមឆ្លើយតបគ្រោះមហន្តរាយនេះត្រូវធ្វើប្រតិបត្តិការចេញពីប្រទេសកេនយ៉ា ហើយអ្នកជំនាញកំពុងធ្វើការជាមួយសហគមន៍អន្តរជាតិ និងដៃគូដើម្បីកំណត់តម្រូវការជាអាទិភាព ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព។ លោក ផោវឺ បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកកំពុងគៀងគរដើម្បីបង្កើនជំនួយដល់ប្រជាជនស៊ូដង់ ដែលជាប់គាំងក្នុងសង្រ្គាម»។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពី ៨ថ្ងៃមុនរវាងកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ា (RSF) បានបង្កឲ្យមានវិបត្តិមនុស្សធម៌ សម្លាប់មនុស្សរាប់រយនាក់ ខណៈប្រជាជនស៊ូដង់រាប់លាននាក់មិនមានលទ្ធភាពទទួលបានសេវាមូលដ្ឋានក្នុងសង្គម៕