(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសែប បូរ៉ែល (Josep Borrell) បាននិយាយថាប្រទេសជាសមាជិក សហភាពអឺរ៉ុប គួរតែបញ្ជូននាវាចម្បាំង ទៅល្បាតក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីទប់ស្កាត់សកម្មភាពយោធារបស់ទីក្រុងប៉េកាំង។ នេះបើយោងតាមការដកស្រង់ ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

លោក បូរ៉ែល បានគូសបញ្ជាក់ នៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែតបារាំង ឡឺ ហ្សួរណាល់ ឌុយ ម៉ង់ (Le Journal du Dimanche) កាលពីថ្ងៃសៅរ៍ចុង សប្ដាហ៍មុន ថា «តាមពិតទៅ អឺរ៉ុបត្រូវតែមានវត្តមានយ៉ាងខ្លាំងលើបញ្ហាតៃវ៉ាន់ ដែលពាក់ព័ន្ធនឹងយើងខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ នោះហើយជា មូលហេតុដែលខ្ញុំអំពាវនាវឲ្យមានកងនាវាចររបស់អឺរ៉ុបល្បាតនៅតាមច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេរីភាពនៃការធ្វើនាវាចរ នៅក្នុងតំបន់ដ៏សំខាន់នេះ។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការញុះញង់ និងការប្រកួតប្រជែងគ្នាលើសដែនកំណត់ផងដែរ»

គួរបញ្ជាក់ថា លោក បូរ៉ែល នឹងត្រូវធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទាំង ២៧របស់ EU នាថ្ងៃចន្ទនេះ ដោយទំនាក់ទំនង EU-ចិន នឹងក្លាយជាប្រធានបទ ដ៏សំខាន់មួយ។ ប្រសិនបើការស្នើឡើងរបស់លោក បូរ៉ែល ទទួលបានការគាំទ្រមែន នោះ វានឹងក្លាយជារឿងដ៏កម្រណាស់សម្រាប់នាវាចម្បាំងអឺរ៉ុប ក្នុងការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

កាលពីឆ្នាំ២០២១ ចក្រភពអង់គ្លេសបានដាក់ពង្រាយនាវាចម្បាំង HMS Queen Elizabeth ទៅកាន់សមុទ្រចិនខាងត្បូងរួចហើយ។ ដោយឡែក បារាំង ហូឡង់ និងអាល្លឺម៉ង់ ក៏ត្រូវបានចាត់ទុកថាជាប្រទេសសហភាពអឺរ៉ុប ដែលមានអាចសមត្ថភាពបំពេញបេសកកម្មល្បាតនៅឆ្ងាយពីដែនដីរបស់ខ្លួន ដូចជាតំបន់ប៉ាស៊ីហ្វិកខាងលិចជាដើម៕