(កង់បេរ៉ា)៖ អូស្ត្រាលី នៅថ្ងៃចន្ទនេះបានបង្ហើបឱ្យដឹងពីការធ្វើកំណែទម្រង់វិស័យយោធាដ៏ធំបំផុតមួយ ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ដោយផ្លាស់ប្ដូរការផ្តោតនៃ កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ទៅលើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

ការប្រកាសពីការធ្វើកំណែទម្រង់វិស័យយោធាខាងលើ ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ដែលបានសង្កត់ធ្ងន់ថាយុទ្ធសាស្ត្រផ្តោត តែទៅលើការការពារទឹកដីរបស់ខ្លួនឯងអស់រយៈពេលរាប់ទសវត្សរ៍មកនេះ គឺវាមិនគ្រប់គ្រាន់នោះទេ។ លោក Marles បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ គឺជាលើក ដំបូងនារយៈពេលជាង ៣៥ឆ្នាំមកនេះ ដែលយើងនឹងធ្វើកំណែទម្រង់បេសកកម្មរបស់កងកម្លាំងការពារជាតិអូស្ត្រាលី»។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីក៏បានបន្ថែមដែរថា នៅចំពោះមុខការប្រកួតប្រជែងកាន់តែខ្លាំងជាមួយចិន អូស្ត្រាលីនឹងផ្លាស់ប្ដូរការផ្តោតរបស់ខ្លួន ទៅជាការកំញើញទប់ស្កាត់កុំឱ្យសត្រូវ អាចទម្លុះចូលមកដល់ តំបន់ឆ្នេរសមុទ្រ ដែនអាកាស និងប្រព័ន្ធអ៉ីនធើណិតរបស់ខ្លួន។

គួរបញ្ជាក់ថា បើតាមលោក Richard Marles ដើម្បីអាចសម្រេចបាននូវកំណែទម្រង់វិស័យយោធា កងកម្លាំងការពារជាតិអូស្ត្រាលី នឹងពង្រឹងសមត្ថភាពវាយប្រហារ ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ទាំងបច្ចេកវិទ្យាបាញ់ចេញពីអាកាស និងដីគោក ខណៈទីក្រុងកង់បេរ៉ានឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅពេលអនាគត នៅក្រោមសម្ព័ន្ធភាព AUKUS៕