(ប៉ារីស)៖ ភាពចម្រូងចម្រាស និងការខឹងសម្បារបានផ្ទុះឡើង នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង ធ្វើការអត្ថាធិប្បាយជុំវិញ អធិបតេយ្យ និងឯករាជ្យភាពនៃបណ្ដារដ្ឋដែលធ្លាប់ស្ថិតក្រោមការត្រួតត្រារបស់សហភាពសូវៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង លោក លូ សាយ៉េ (Lu Shaye) នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយទូរទស្សន៍បារាំង LCI បាននិយាយថាបណ្ដារដ្ឋអតីតសូវៀតមួយចំនួន មិនមានឋានៈពិតប្រាកដ នៅក្រោមច្បាប់អន្តរជាតិនោះទេ។ លោក លូ បានគូសបញ្ជាក់ដូច្នេះថា «វាមិនមានកិច្ចព្រមព្រៀងអន្តរជាតិដើម្បី​បញ្ជាក់ពីឋានៈរបស់ពួកគេជារដ្ឋអធិបតេយ្យមួយនោះទេ»

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតចិន លោក លូ សាយ៉េ ធ្វើការកត់សម្គាល់ខាងលើជាការឆ្លើយតបទៅនឹងសំណួដែលចោទសួរថាតើរូបលោកចាត់ទុកតំបន់គ្រីមៀ ដែលត្រូវបានរុស្ស៉ីក្រសោបយក កាលពីឆ្នាំ២០១៤ គឺជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន ដែរឬក៏យ៉ាងណា។ ការអត្ថាធិប្បាយបែបនេះបានបង្កការខឹងសម្បារដល់ប្រទេសដែលធ្លាប់ជារដ្ឋក្នុងអតីតសហភាពសូវៀត ដូចជាឡេតូនី លីទុយអានី អេស្ដូនី និងអ៊ុយក្រែនផងដែរ។ ពួកគេបានចាត់ទុកថាការលើកឡើងរបស់លោក លូ ជារឿងមិនអាចទទួលយកបាន និងមានគម្រោងកោះហៅឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសរបស់ពួកគេឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក លូ៕