(ម៉ិកស៊ីកូ ស៉ីធី)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ឌ្រែស ម៉ានូអែល ឡូប៉ែស អូប្រាដ័រ (Andrés Manuel López Obrador) បានលុបចោលការបំពេញទស្សនកិច្ចទៅកាន់តំបន់ឧបទ្វីប យូកាតាន់ (Yucatan) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលោកបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ជាលើកទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសារបង្ហោះលើបណ្ដាញ Twitter លោក ឡូប៉ែស អូប្រាដ័រ បានបញ្ជាក់ថាលោកមិនមានអាការៈអ្វីធ្ងន់ធ្ងរនោះទេ។ ការបញ្ជាក់របស់លោក ឡូប៉ែស អូប្រាដ័រ កើតមានឡើងបន្ទាប់ពីមាន សេចក្ដីរាយការណ៍ថាលោកមានអាការៈផ្ដាសាយ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ និងបានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចរបស់លោក។ ប៉ុន្តែសេចក្ដីរាយការណ៍នេះ ដំបូង ឡើយត្រូវបានអ្នកនាំពាក្យរបស់លោកបដិសេធ។

គួរបញ្ជាក់ថា លោក ឡូប៉ែស អូប្រាដ័រ មានអាយុ៦៩ឆ្នាំ ធ្លាប់បានឆ្លងកូវីដ១៩ ចំនួន២លើករួចមកហើយ កាលពីដើមឆ្នាំ២០២១ និងលើកទី២ កាលពីខែមករា ឆ្នាំ២០២២ ចំពេលកូវីដ១៩ ឆ្លងរាលដាលខ្លាំងក្នុងប្រទេសម៉ិកស៉ិក៕