(ស្ដុកខុល)៖ វិទ្យាស្ថានមួយមានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត នៅថ្ងៃចន្ទនេះបានឱ្យដឹងថាការចំណាយលើវិស័យយោធានៅទូទាំងពិភពលោកមានការកើនឡើងយ៉ាងគំហុក ខណៈ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបបង្កើនកញ្ចប់ថវិកាយោធាដ៏ធំមិនធ្លាប់មាន ចាប់តាំងពីចុងបញ្ចប់នៃសម័យសង្រ្គាមត្រជាក់ កាលពីជាង ៣ ទសវត្សរ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ហៅកាត់ថា SIPRI ការចំណាយលើវិស័យយោធានៅទូទាំងពិភពលោក បានកើនឡើង ៣.៧ភាគរយ ឬស្មើនឹង ២.២៤ទ្រីលានដុល្លារ ក្នុងលក្ខខណ្ឌជាក់ស្ដែង កាលពីឆ្នាំ២០២២។ SIPRI បានបន្ថែមទៀតថានៅតំបន់អឺរ៉ុប ការចំណាយលើវិស័យយោធាបានកើនឡើង ១៣ភាគរយ ហើយក្នុងនោះរុស្ស៉ី និងអ៊ុយក្រែន បានបង្កើនកញ្ចប់ថវិកាយោធាច្រើនជាងគេ។

កញ្ចប់ថវិកាយោធារបស់អ៊ុយក្រែន បានកើនឡើង ៦៤០ភាគរយ ក្នុងឆ្នាំ២០២២ ដោយមិនរាប់បញ្ចូលជំនួយយោធាពីលោកខាងលិចនោះទេ ហើយបើតាម SIPRI ជំនួយយោធាសម្រាប់ អ៊ុយក្រែន ផ្ដល់ដោយសហរដ្ឋអាមេរិក ស្មើនឹង ២.៣ភាគរយនៃកញ្ចប់ថវិកាយោធាអាមេរិកកាលពីឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ ព្រមពេលជាមួយគ្នា កញ្ចប់ថវិកាយោធារបស់រុស្ស៉ីវិញ បានកើនឡើង ៩.២ភាគរយ ខណៈតួលេខនេះត្រូវបាន SIPRI បញ្ជាក់ថាអាចនឹងមានច្រើនជាងនេះ។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែនដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក បានជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបបង្កើនកញ្ចប់ថវិកាយោធា និងពង្រឹង សមត្ថភាពយោធារបស់ខ្លួន នៅចំពោះមុខភាពមិនច្បាស់លាស់ដ៏គ្រោះថ្នាក់នៃសង្រ្គាមសព្វថ្ងៃ៕