(ក្រុងគែរ)៖ ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកនៃស្ថានទូតអេហ្ស៊ីបក្នុងរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់ ត្រូវបានរងរបួសក្នុងការប៉ះទង្គិចគ្នាដោយយោធានាពេលថ្មីៗនេះនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេស លោក Ahmed Abu Zeid បាននិយាយថា ឧបទ្ទវហេតុនេះ «បញ្ជាក់ពីតម្រូវការក្នុងការអនុវត្តការប្រុងប្រយ័ត្នជាអតិបរមា» ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋអេហ្ស៊ីប និងអ្នកការទូតនៅស៊ូដង់។
លោកបានចង្អុលបង្ហាញថា ចំនួនពលរដ្ឋអេហ្ស៊ីបក្នុងប្រទេសស៊ូដង់មានលើសពីមួយម៉ឺននាក់ ដែលតម្រូវឱ្យមានដំណើរការរៀបចំផែនការសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីធានាបាននូវការជម្លៀស ដោយសុវត្ថិភាពពីប្រទេសដែលហែកហួរដោយជម្លោះនេះ។
ចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នា EgyptAir ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសអេហ្ស៊ីប បានផ្អាកជើងហោះហើររបស់ខ្លួនទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិ Khartoum ក្នុងប្រទេសស៊ូដង់។
ការប៉ះទង្គិចគ្នាផ្នែកយោធាបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីថ្ងៃទី១៥ ខែមេសា បន្ទាប់ពីមានភាពតានតឹងជាច្រើនថ្ងៃ។
គិតត្រឹមថ្ងៃសុក្រនេះ មនុស្សជាង ៤០០នាក់ហើយបានស្លាប់ និងប្រហែល ៣,៥០០នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ៕