(ខាទុំ)៖ កងកម្លាំងគាំទ្រយ៉ាងរហ័សរបស់ប្រទេសស៊ូដង់ (RSF) បាននិយាយនៅលើ Twitter របស់ខ្លួនកាលពីថ្ងៃអាទិត្យថា ពួកគេត្រូវបានវាយប្រហារដោយយន្តហោះ ខណៈពេលដែលជម្លៀសជនជាតិបារាំងចេញពីស្ថានទូតរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៤។
ជនជាតិបារាំងម្នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុ ដែលកងទ័ពស៊ូដង់អះអាងថា ជាលទ្ធផលនៃការវាយប្រហារដោយកងកម្លាំង RSF ដែលជាការអះអាងដែលពួកគេបានបដិសេធ។
នៅលើ Twitter កងកម្លាំង RSF បានសរសេរថា «ព្រឹកនេះ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ កងកម្លាំងគាំទ្ររហ័សត្រូវបានវាយប្រហារ ដោយយន្តហោះក្នុងអំឡុងពេលជម្លៀសជនជាតិបារាំងចេញពីស្ថានទូតរបស់ពួកគេ ពីទីក្រុង Bahri ទៅទីក្រុង Omdurman» ដោយបន្ថែមថា «នេះបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនជាតិបារាំង ដោយបានធ្វើឲ្យម្នាក់រងរបួស»។
ពួកគេបានបន្ថែមថា «នេះជាការរំលោភលើច្បាប់អន្តរជាតិ និងមនុស្សធម៌ និងបទឈប់បាញ់ដែលបានប្រកាស ហើយត្រូវបានធ្វើជាសាក្សី និងចូលរួមដោយសមាជិកនៃស្ថានទូតបារាំង ដែលបានកត់ត្រាហេតុការណ៍នេះ»។
ប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀសជនស៊ីវិលរបស់ពួកគេចេញពីប្រទេសនេះ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្ត រួមទាំងអារ៉ាប៊ីសាអូឌីត ដែលបានជម្លៀសជនបរទេសចំនួន ៦៦នាក់ រួមជាមួយនឹងប្រជាជនរបស់ខ្លួនជិត១០០នាក់ផងដែរ។
ភាគីទាំងពីរបានបន្ទោសភាគីម្ខាងទៀតថា បានបំពានបទឈប់បាញ់ក្នុងអំឡុងពេលបុណ្យអ៊ីតហ្វីត្រី ដែលបានព្រមព្រៀងគ្នា។
មេទ័ពស៊ូដង់ លោក Abdel Fattah al-Burhan បានអំពាវនាវឱ្យមានការសន្ទនាគ្នា ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមនៅស៊ូដង់កាលពីថ្ងៃសៅរ៍។
លោក Al-Burhan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al-Arabiya ថា «អ្នកចាញ់ដ៏ធំបំផុតនៅក្នុងសង្គ្រាមនេះគឺប្រជាជនស៊ូដង់។ យើងទាំងអស់គ្នាត្រូវអង្គុយចុះក្នុងនាមជាជនជាតិស៊ូដង់ ហើយស្វែងរកផ្លូវត្រឹមត្រូវដើម្បីស្ដារក្តីសង្ឃឹម និងជីវិតឡើងវិញ»។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាង RSF និងកងទ័ពស៊ូដង់ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានបង្អាក់ផែនការដែលគាំទ្រជាអន្តរជាតិ ដើម្បីផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យស៊ីវិល ៤ឆ្នាំបន្ទាប់ពីការដួលរលំ នៃរបបផ្តាច់ការរបស់ លោក អូម៉ា អាល់បាសៀ (Omar al-Bashir) និង ២ឆ្នាំបន្ទាប់ពីរដ្ឋប្រហារយោធា។ បើអង្គការសុខភាពពិភពលោក រហូតមកទល់ពេលនេះមានមនុស្សស្លាប់ជាង ៤០០នាក់ហើយ៕