(ឡង់ដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានជម្លៀសបុគ្គលិកការទូត និងសមាជិកគ្រួសាររបស់ពួកគេចេញពីប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។

លោក Sunak បាននិយាយនៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំសូមសរសើរចំពោះការប្តេជ្ញាចិត្តរបស់អ្នកការទូតរបស់យើង និងភាពក្លាហានរបស់យោធាដែលបានអនុវត្តប្រតិបត្តិការដ៏លំបាកនេះ»។

លោកបានបន្តថា «យើងបន្តស្វែងរកគ្រប់មធ្យោបាយដើម្បីបញ្ចប់ការបង្ហូរឈាមនៅក្នុងប្រទេសស៊ូដង់ និងធានាសុវត្ថិភាពរបស់ជនជាតិអង់គ្លេសដែលនៅសេសសល់នៅក្នុងប្រទេស»។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យនេះក៏បាននិយាយដែរថា យោធាអាមេរិកបានជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ចេញពីរដ្ឋធានីខាទុំ (Khartoum) នៃប្រទេសស៊ូដង់ ខណៈការវាយប្រយុទ្ធដណ្ដើមអំណាចគ្នារវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF បានឈានចូលដល់សប្ដាហ៍ទី២ហើយ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាង RSF និងកងទ័ពស៊ូដង់ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានបង្អាក់ផែនការដែលគាំទ្រជាអន្តរជាតិ ដើម្បីផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យស៊ីវិល ៤ឆ្នាំបន្ទាប់ពីការដួលរលំ នៃរបបផ្តាច់ការរបស់ លោក អូម៉ា អាល់បាសៀ (Omar al-Bashir) និង ២ឆ្នាំបន្ទាប់ពីរដ្ឋប្រហារយោធា។

យ៉ាងហោចណាស់មនុស្សស្លាប់កើនឡើងជាង ៤០០នាក់ នៅក្នុងការតស៊ូដណ្តើមអំណាចរវាងមេដឹកនាំដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា គឺមេនាំយោធា លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតាស អាល់ បួហាន់ (Abdel Fattah al-Burhan) ជាមួយមេដឹកនាំកងកម្លាំងទាហានប៉ារ៉ា លោកឧត្តមសេនីយ៍ មហាំម៉ាត់ ហាដាន់ ដាហ្កាឡូ (Mohamed Hamdan Dagalo)៕