(មូស្គ)៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលថ្ងៃសៅរ៍សប្តាហ៍នេះថា ប្រទេសរុស្ស៊ីណែនាំពលរដ្ឋរបស់ខ្លួន ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសកាណាដា ដោយលើកឡើងថាមានករណីជាច្រើននៃការរើសអើងប្រឆាំងនឹងជនជាតិរុស្ស៊ី នៅកាណាដារួមទាំងអំពើហិង្សាលើរាងកាយផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។
ប្រទេសកាណាដាគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ហើយបានដាក់ទណ្ឌកម្មលើមន្ត្រី និងក្រុមហ៊ុនរុស្ស៊ីរាប់រយនាក់ បន្ថែមពីលើការហ៊ុមព័ទ្ធពាណិជ្ជកម្មដ៏ធំទូលាយមួយ។
ក្រសួងការបរទេសរុស្ស៉ីបាននិយាយថា «ដោយមើលឃើញករណីជាច្រើន នៃការរើសអើងប្រឆាំងនឹងពលរដ្ឋរុស្ស៊ី នៅក្នុងប្រទេសកាណាដា រួមទាំងអំពើហឹង្សាលើរាងកាយ យើងសូមណែនាំឱ្យអ្នកជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសនេះក្នុងគោលបំណងទេសចរណ៍ ការអប់រំ និងក្នុងបរិបទនៃទំនាក់ទំនងពាណិជ្ជកម្ម»។
គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីសង្រ្គាមបានចាប់ផ្តើមកាលពីឆ្នាំមុន ប្រទេសកាណាដាបានណែនាំពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។
កាលពីសប្តាហ៍មុន រុស្ស៊ីបានដាក់ទណ្ឌកម្មលើមន្ត្រីកាណាដា និងឥស្សរជនសាធារណៈចំនួន ៣៣៣នាក់ រួមទាំងកីឡាករអូឡាំពិកដ៏លេចធ្លោផងដែរ នៅក្នុងអ្វីដែលខ្លួនបាននិយាយថា គឺជាការឆ្លើយតបទៅវិញទៅមកចំពោះការរឹតបន្តឹងរបស់ប្រទេសកាណាដាលើទីក្រុងម៉ូស្គូ និងការគាំទ្រសម្រាប់អ៊ុយក្រែន៕