(មូស្គូ)៖ ក្រសួងការពារជាតិនៃប្រទេសបេឡារុស បានឱ្យដឹងថាអង្គភាពយោធាមួយរបស់ខ្លួន បានធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសរុស្ស៉ីវិញហើយ នៅថ្ងៃសៅរ៍ ទី២២ ខែមេសា បន្ទាប់ពីពួកគេបញ្ចប់ការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីល Iskander ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។
ការប្រកាសខាងលើរបស់ក្រសួងការពារជាតិបេឡារុស ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ នៅបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថារុស្ស៉ីនឹងដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ជាការឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលរបស់អង្គការ NATO មកទិសខាងកើត និងជាសារព្រមានមួយទៅកាន់បក្សសម្ព័ន្ធ យោធាមួយនេះដែលកំពុងផ្ដល់អាវុធឱ្យអ៊ុយក្រែន។
កាលពីដើមខែកុម្ភៈកន្លងទៅ បេឡារុស បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួន បាននិងកំពុងគ្រប់គ្រងដោយខ្លួនឯង នូវប្រព័ន្ធមីស៊ីល Iskander ដែលរុស្ស៉ីបានផ្ដល់ឱ្យរួចទៅហើយ នោះ។ ប៉ុន្តែ ក្រោយមក នៅពេលកងអង្គភាពត្រូវបានបញ្ជូនទៅកាន់រុស្ស៉ីកាលពីថ្ងៃទី៤ ខែមេសា សម្រាប់ការបណ្ដុះបណ្ដាលបន្ថែម ទីក្រុងមីនស្កិ៍ បានបញ្ជាក់ច្បាស់ៗថា ការបណ្ដុះបណ្ដាលនេះនឹងរួមមានបញ្ចូលទាំងការថែទាំ និងរបៀបប្រើក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកដែលបំពាក់លើមីស៊ីល Iskander។
គួរបញ្ជាក់ថា រុស្ស៉ីមិនបានផ្ដល់កាលបរិច្ឆេទជាក់លាក់ពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុសនោះទេ តែលោក ពូទីន ធ្លាប់បង្ហើបថាការសាងសង់កន្លែង សម្រាប់ស្ដុកទុកអាវុធនេះ អាចនឹងត្រូវបញ្ចប់រួចរាល់នៅដើមខែកក្កដាខាងមុខនេះ។ នេះនឹងក្លាយជាលើកដំបូងបំផុតដែលរុស្ស៉ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្រៅប្រទេស ចាប់តាំងពីសហភាពសូវៀតរលំរលាយក្នុងឆ្នាំ១៩៩១មក៕