(ណៃពិដោរ)៖ អនុប្រធាននៃគណៈកម្មការរៀបចំការបោះឆ្នោតតែងតាំងដោយយោធាមីយ៉ាន់ម៉ា ត្រូវបានក្រុមឧទ្ទាមបាញ់សម្លាប់ក្នុងទីក្រុងយ៉ាងហ្គន (Yangon) ដែលជា ការធ្វើឃាតលើកចុងក្រោយបំផុតមួយលើមន្ត្រីជាន់ខ្ពស់មានទំនាក់ទំនងនឹងរបបសឹកសព្វថ្ងៃ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អាជ្ញាធរនៃរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងថាលោក សៃ ក្យ៉ ធូ (Sai Kyaw Thu) ជាអនុប្រធាននៃគណៈកម្មការសហភាពបោះឆ្នោត ត្រូវបាន ខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងតំបន់ធីងហ្កាន់យុន (Thingangyun) នៃទីក្រុងយ៉ាងហ្គន កាលពីថ្ងៃសៅរ៍ ទី២២ ខែមេសា។ សេចក្ដីថ្លែងការណ៍នេះដដែល បានអះអាងថា «កងកម្លាំងការពារប្រជាជន» គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់មន្ត្រីជាន់ខ្ពស់រូបនេះ។ ប៉ុន្តែមិនបានបង្ហាញភស្តុតាងអ្វីនោះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករាយការណ៍ថា លោក សៃ ក្យ៉ ធូ ត្រូវបានគេបាញ់ប្រហារជាច្រើនគ្រាប់ចំដើមទ្រូង ក និងក្បាល។

គួរបញ្ជាក់ថា កងកម្លាំងការពារប្រជាជន​ ត្រូវបានបង្កើតឡើង និងបំពាក់អាវុធដោយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងរបបយោធា ដែលបាន ដណ្ដើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សានស៊ូជី ពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១។ កាលពីខែមេសា ឆ្នាំ២០២២ អភិបាលរង នៃធនាគារកណ្ដាលមីយ៉ាន់ម៉ា តែងតាំងដោយរបបសឹក ក៏ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ផងដែរ នៅឯផ្ទះរបស់លោកស្រី ក្នុងទីក្រុងយ៉ាងហ្គន៕