(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យបានឱ្យដឹងថាទីក្រុងប៉េកាំង បានធ្វើកំណត់ទូតតវ៉ាទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ជុំវិញ «ការអត្ថាធិប្បាយខុស» របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល​ ទាក់ទងនឹងបញ្ហាតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។

ប្រតិកម្មខាងលើរបស់ក្រសួងការបរទេសចិន កើតមានឡើងក្រោយលោក យូន ស៊ុកយុល នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីពេលថ្មីៗ នេះ បានកត់សម្គាល់ថាការបង្កើនភាពតានតឹងនៅជុំវិញកោះតៃវ៉ាន់ គឺជាការប៉ុនប៉ងកែប្រែស្ថានភាពដើមដោយកម្លាំងបាយ ហើយថាលោកប្រឆាំងជំទាស់ការផ្លាស់ប្ដូរ របៀបនេះ។ «បញ្ហាតៃវ៉ាន់ មិនមែនត្រឹមតែជាបញ្ហារវាងចិន និងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែដូចគ្នាទៅនឹងបញ្ហាកូរ៉េខាងជើង វាគឺជាបញ្ហាសកលលោកមួយ»។ នេះជាការបញ្ជាក់របស់លោក យូន ស៊ុកយុល។

ជាប្រតិកម្មការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសចិន លោក ស៊ុន វៃតុង (Sun Weidong) បានចាត់ទុកថាការអត្ថាធិប្បាយរបស់លោក ជារឿងមិនអាចទទួលយកបាន ដាច់ខាត។ លោក ស៊ុន បានបន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «ប្រធានាធិបតីកូរ៉េខាងត្បូង មិនបានលើកឡើងពីគោលនយោបាយចិនតែមួយនោះទេ តែបែរជា យកបញ្ហាតៃវ៉ាន់ ទៅប្រៀបធៀបនឹងបញ្ហាកូរ៉េខាងជើងទៅវិញ។ ទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើងសុទ្ធសឹងជារដ្ឋអធិបតេយ្យ និងជាសមាជិក UN ... តែចំណែកឯ តៃវ៉ាន់វិញមិនអាចយកមកប្រៀបធៀបបាននោះទេ»

គួរបញ្ជាក់ថា ចិន បានចាត់ទុកថាតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានស្នើសុំឱ្យបណ្ដាប្រទេសទាំងអស់ដែលមានទំនាក់ទំនងទូតជាមួយប៉េកាំង ចាត់ទុក តៃវ៉ាន់ជាទឹកដីរបស់ចិនផងដែរ៕