(វ៉ាស៊ីនតោន)៖ រដ្ឋវ៉ាស៊ីនតោន បានក្លាយជារដ្ឋទី២៣ របស់សហរដ្ឋអាមេរិក ដែលបានប្រកាសលុបចោលច្បាប់កាត់ទោសប្រហារជីវិត បន្ទាប់ពីអភិបាលរដ្ឋ លោក Jay Inslee មកពីគណបក្សប្រជាធិបតេយ្យ ចុះហេត្ថលេខាលើសេចក្ដីព្រាងច្បាប់របស់ព្រឹទ្ធសភាលេខ ៥០៨៧ ឱ្យក្លាយទៅជាច្បាប់កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា។ នេះបើតាម ការដកស្រង់ចេញពីសារព័ត៌មាន The Hill នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។

សេចក្ដីព្រាងច្បាប់ខាងលើ ក៏បានចែងផងដែរពីការហាមឃាត់ «ការគ្រៀវដោយប្រើប្រាស់សារធាតុគីមី» ជាការដាក់ទោសសម្រាប់អ្នកប្រព្រឹត្តទោសឧក្រិដ្ឋ។ ថ្លែងកំលុងចុះហត្ថលេខា លោក Jay Inslee បានសង្កត់ធ្ងន់ថាលោកបានផ្ដួចផ្ដើមគំនិតប្រឆាំងនឹងទោសប្រហារជីវិតក្នុងរដ្ឋវ៉ាស៊ីនតោន កាលពីឆ្នាំ២០១៤មកម្ល៉េះ ហើយការសម្រេចចិត្តក៏ទទួលបាន ការអនុម័តពីតុលាការកំពូលប្រចាំរដ្ឋវ៉ាស៊ីនតោន។ តុលាការកំពូលប្រចាំរដ្ឋវ៉ាស៊ីនតោន កាលពីឆ្នាំ២០១៨ បានហាមឃាត់ការកាត់ទោសប្រហារជីវិត ដោយសំអាងថាវាមិនមាន ភាពស៉ីសង្វាក់គ្នា ដ្បិតតុលាការរកឃើញថាមានកត្តាជាច្រើនដូចជាទីតាំងនៃការប្រព្រឹត្តទោសឧក្រិដ្ឋ និងពូជសាសន៍ តែងតែបង្កជាបញ្ហាថាតើអ្នកប្រព្រឹត្តទោសកំហុសគួរតែទទួល ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។

គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ១៩៧៦មក មនុស្ស ១,៥៦៨នាក់ ត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងសហរដ្ឋអាមេរិក ហើយក្នុងនោះមាន ៥៥ភាគរយជាពលរដ្ឋអាមេរិក ស្បែកស និង៧៥ភាគរយនៃជនរងគ្រោះគឺជាពលរដ្ឋអាមេរិកស្បែកស៕