(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យនេះបាននិយាយថាយោធាអាមេរិកបានជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ចេញពីរដ្ឋធានីខាទុំ (Khartoum) នៃប្រទេសស៊ូដង់ ខណៈការវាយប្រយុទ្ធដណ្ដើមអំណាចគ្នារវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF បានឈានចូលដល់សប្ដាហ៍ទី២ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។

ការវាយប្រយុទ្ធបង្ហូរឈាមដណ្ដើមអំណាចគ្នា ក្នុងប្រទេសស៊ូដង់ បានបណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងរាប់ពាន់នាក់រងរបួស ខណៈប្រជាជនផ្សេងទៀតកំពុងរស់នៅ ដោយខ្វះខាតអគ្គិសនី និងចំណីអាហារ។ លោក ចូ បៃដិន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) អនុវត្តតាមបញ្ជារបស់ខ្ញុំ យោធាអាមេរិក បានដឹកនាំប្រតិបត្តិការមួយ ដើម្បីជម្លៀសបុគ្គលិករដ្ឋាភិបាលចេញពីរដ្ឋធានីខាទុំ»។ លោក បៃដិន បានកោតសរសើរដល់ជំនាញគ្មានគូប្រៀបរបស់យោធាអាមេរិកដែលបានជម្លៀស បុគ្គលិកស្ថានទូត និងគ្រួសាររបស់ពួកគេបានដោយជោគជ័យ ខណៈប្រទេសជីប៊ូទី អេត្យូពី និងអារ៉ាប៊ីសាអូឌីត ក៏បានចូលរួមក្នុងប្រតិបត្តិការនេះដែរ។

គួរបញ្ជាក់ថា បើតាមទាហានប៉ារ៉ា RSF យោធាអាមេរិកបានជម្លៀសបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេចេញពីរដ្ឋធានីខាទុំ នៅថ្ងៃអាទិត្យនេះ ហើយពលរដ្ឋអាមេរិក ប្រហែលជា៧០នាក់ ត្រូវបានជឿជាក់ថាត្រូវបានជម្លៀសចេញតាមរយៈយន្ដហោះយោធា ៦គ្រឿង។ ដោយឡែក បើតាមអង្គការសុខភាពពិភពលោក WHO មកទល់នឹងបច្ចុប្បន្ន មានមនុស្សជាង ៤២០នាក់បានស្លាប់ និង ៣,៧០០នាក់ បានរងរបួសនៅក្នុងការវាយប្រយុទ្ធគ្នានៅស៊ូដង់ តែចំនួនអ្នកស្លាប់ និងរងរបួសត្រូវបានគេរំពឹងថានឹងបន្តកើនឡើង៕