(ក្វាតេម៉ាឡា)៖ ប្រធានាធិបតីក្វាតេម៉ាឡា លោក អាឡេហាន់ដ្រូ ជីអាំម៉ាតតី (Alejandro Giammattei) នៅថ្ងៃសៅរ៍ ទី២២ ខែមេសានេះ (ម៉ោងក្នុងតំបន់) នឹងចាកចេញពី ប្រទេស ដើម្បីបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ខណៈដែនកោះមួយនេះកំពុងព្យាយាមបង្កើនវត្តមានការទូតរបស់ខ្លួនក្នុងតំបន់អាមេរិកឡាទីន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងវីដេអូមួយបង្ហោះលើ Twitter លោក Giammattei បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ពិភពលោក ថាបណ្ដាប្រទេសទាំងអស់មានសិទ្ធិស្វ័យដឹកនាំ»។ កំលុងដំណើរទស្សនកិច្ចដែលនឹងចាប់ផ្ដើមពីថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ លោក Giammattei គ្រោងនឹង ធ្វើសុន្ទរកថាទៅកាន់សភាតៃវ៉ាន់ និងបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់តៃវ៉ាន់ ស្ថិតក្នុងទីក្រុង តៃជុង (Taichung) ភាគខាងត្បូងទីក្រុងតៃប៉ិ។
លោក Giammattei ក៏នឹងត្រូវចូលរួមក្នុងវេទិកាមួយផងដែរ ដើម្បីលើកកម្ពស់ផលិតផលកាហ្វេរបស់ប្រទេសក្វាតេម៉ាឡា។
គួរបញ្ជាក់ថា លោក Giammattei បានប្រកាសពីគម្រោងបំពេញទស្សនកិច្ចរបស់លោកទៅកាន់កោះតៃវ៉ាន់ ធ្វើឡើងតែ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកផ្ទាល់បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ក្នុងទីក្រុងក្វាតេម៉ាឡា ស៊ីធី ជាទីដែលលោកស្រី សៃ បានសន្យាថានឹងបន្តផ្ដល់ជំនួយដល់ប្រទេសប្រជាធិបតេយ្យ ជាដៃគូរបស់ខ្លួន។ កាលពីខែមីនាកន្លងទៅ ប្រទេសហុងឌូរ៉ាស បានផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ដើម្បីស្រវា យកចិន ដែលនេះធ្វើឱ្យប្រទេស ឬដែនដី មានទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់ នៅសល់តែ១៣ប៉ុណ្ណោះ នៅលើពិភពលោក។ នៅក្នុងតំបន់អាមេរិកឡាទីន មានប្រទេសជាច្រើនបានផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ក្នុងនោះរួមមាន នីការ៉ាហ្កា កាលពី២០២១ អែលសាវ៉ាឌ័រ នៅឆ្នាំ២០១៨ ប៉ាណាម៉ា ក្នុងឆ្នាំ២០១៧ និងកូស្តារីកា នៅឆ្នាំ២០០៧៕