(ម៉ានីល)៖ ហ្វីលីពីន និងចិន បានឈានដល់ការឯកភាពគ្នាបង្កើតបណ្ដាញទំនាក់ទំនងបន្ថែម ដើម្បីគ្រប់គ្រងបញ្ហា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន កាន់តែមានភាពល្អប្រសើរឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣។
ការឯកភាពខាងលើធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) និងរដ្ឋមន្ត្រីការបរទេសចិន ឈិន កាង (Qin Gang) ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ទី២២ ខែមេសា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយវិមានប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស បានគូសបញ្ជាក់ដូច្នេះថា «យើងបានឯកភាពគ្នាលើការបង្កើតបណ្ដាញទំនាក់ទំនងបន្ថែម ដូច្នេះរាល់ព្រឹត្តិការណ៍ដែលកើតឡើងក្នុងតំបន់សមុទ្រហ្វីលីពីនភាគខាងលិច ដែលមានពាក់ព័ន្ធនឹងចិន រួមទាំងហ្វីលីពីន អាចនឹងត្រូវបានដោះស្រាយភ្លាមៗ»។ លោក ម៉ាកូស បន្ថែមថាដំណើរទស្សនកិច្ចរបស់លោក ឈិន កាង បានជួយសម្រួលដល់ការបន្ត ប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំង២ មានស្ថិរភាព។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់សេតវិមាន នៅដើមខែឧសភាខាងមុខនេះ ដើម្បីជួបពិភាក្សាការងារជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្រោយកងទ័ពអាមេរិក និងហ្វីលីពីន ជាង ១៧,០០០នាក់ បានបិទបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសហ្វីលីពីន ដែល បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង៕