(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden មានគោលបំណងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះដែលនឹងដាក់កម្រិតការវិនិយោគលើផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសចិនពីសំណាក់ក្រុមហ៊ុនអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងកិច្ចពិភាក្សាផ្ទៃក្នុងថា រដ្ឋាភិបាលអាមេរិកដែលបានពិភាក្សាគ្នាអំពីវិធានការនេះអស់រយៈពេលជិតពីរឆ្នាំមកហើយនោះ គ្រោងនឹងចាត់វិធានការនេះមុនកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G-7) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភាក្នុងប្រទេសជប៉ុន។

ប្រភពដដែលបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកបាននិងកំពុងពន្យល់សង្ខេបអំពីការទប់ស្កាត់ការវិនិយោគនេះទៅកាន់ប្រទេសជាដៃគូក្នុង G-7 របស់ខ្លួន ហើយសង្ឃឹមថានឹងទទួលបានការយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលនោះ ទោះបីជាប្រទេសផ្សេងទៀតមិនត្រូវបានរំពឹងថានឹងប្រកាសអំពីការរឹតបន្តឹងស្រដៀងគ្នានេះក្នុងពេលតែមួយក៏ដោយ។

វិធានការនេះគឺជាដំណាក់កាលថ្មីមួយក្នុងយុទ្ធនាការសេដ្ឋកិច្ចរយៈពេលជាច្រើនឆ្នាំប្រឆាំងនឹងប្រទេសចិន ដែលត្រូវបានគេមើលឃើញរួចហើយថា សហរដ្ឋអាមេរិកបានដកហូតពន្ធលើទំនិញនាំចូលរបស់ចិនស្ថិតក្រោមរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ហើយថ្មីៗនេះព្យាយាមរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាសំខាន់ៗរបស់អាមេរិកទៀតផង។ ឥឡូវនេះ លំហូរមូលធនរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោកទាំងពីរនេះក្លាយជាទិសដៅដែលបង្កឱ្យមានភាពតានតឹង។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានគូសបញ្ជាក់ សហរដ្ឋអាមេរិកឱ្យដឹងថា ខ្លួនដាក់កម្រិតការវិនិយោគនេះដោយឈរលើមូលដ្ឋានសន្តិសុខជាតិមិនមែនក្នុងគោលបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសមហាអំណាចជាគូប្រជែងដូចដែលទីក្រុងប៉េកាំងបានលើកឡើងនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕