(ខាទុំ)៖ នៅថ្ងៃសៅរ៍នេះ កងទ័ពស៊ូដង់បានយល់ព្រមជួយជម្លៀសជនបរទេស ខណៈដែលការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាសបន្លឺឡើងទូទាំងទីក្រុងខាទុំ (Khartoum) បើទោះបីជាមានការសន្យាថានឹងបញ្ឈប់ការបាញ់ប្រហាររយៈពេល ៣ថ្ងៃ ក្រោយការប្រយុទ្ធគ្នាមួយសប្តាហ៍បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយមេទ័ព លោក អាប់ដែល ហ្វាតតាហ៍ អាល់ បួរហាន់ (Abdel Fatteh al-Burhan) ធ្វើឡើងបន្ទាប់ពីការសន្យាឲ្យបើកអាកាសយានសម្រាប់ធ្វើការជម្លៀសមនុស្ស របស់មេដឹកនាំកងកម្លាំងទាហានប៉ារ៉ា (RSF) លោក មហាំម៉េដ ហាដាន់ ដាហ្កាឡូ (Mohamed Hamdan Dagalo)។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ កងទ័ពស៊ូដង់ និងកងកម្លាំង RSF ដែលកំពុងតស៊ូដណ្តើមអំណាចនៅទូទាំងប្រទេស បានប្រកាសបទឈប់បាញ់រយៈពេល ៣ថ្ងៃ អំឡុងពេលឈប់សម្រាក Eid al-Fitr ។ យ៉ាងនេះក្តី បើតាមអ្នកកាសែត Reuters ប្រចាំនៅទីក្រុងខាទុំ សំឡេងនៃការប្រយុទ្ធគ្នាបានបន្តពេញមួយយប់ ប៉ុន្តែហាក់ដូចជាមិនសូវខ្លាំងទេនៅព្រឹកថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា ការធ្លាក់ភ្លាមៗចូលទៅក្នុងសង្គ្រាមរបស់ស៊ូដង់ បានធ្វើឲ្យប៉ះពាល់ដល់ផែនការស្តារនីតិរដ្ឋឡើងវិញ និងនាំឲ្យប្រទេសដែលកំពុងមានភាពក្រីក្ររួចទៅហើយនោះ ស្ថិតនៅលើមាត់ជ្រោះនៃមហន្តរាយមនុស្សធម៌៕