(ប៉េកាំង)៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗនេះបង្ហាញឱ្យឃើញថា  ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ ប្រទេសចិនបានប្រើប្រាស់ជាក់ស្តែងនូវដើមទុនបរទេសចំនួន ៤សែន៨ពាន់៤រយ៥០លានយាន់ប្រាក់ចិន  កើនឡើង៤.៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលសម្រេចបាន «ការចាប់ផ្តើមប្រកបដោយស្ថេរភាព»។ ក្នុងចំណោមនោះ សហគ្រាសទុនបរទេស ដែលត្រូវបានបង្កើតឡើងថ្មីមានចំនួនលើសពី១ម៉ឺន  កើនឡើង២៥.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ «ទៅកាន់ប្រទេសចិន» កំពុងក្លាយជាប្រធានបទពិភាក្សាដ៏ក្ដៅគគុករបស់ បណ្តាប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក»។

តាំងពីដើមឆ្នាំ២០២៣មក  នាយកប្រតិបត្តិនៃក្រុមហ៊ុនបរទេសជាច្រើនបាននាំគ្នាបំពេញទស្សនកិច្ចទៅប្រទេសចិន ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ក្រុមហ៊ុន VolkswagenGroup របស់ប្រទេសអាល្លឺម៉ង់បានប្រកាសផែនការវិនិយោគថ្មីមួយ នៅប្រទេសចិន ពោលគឺនឹងចេញប្រាក់ចំនួនប្រហែល១ពាន់លានអឺរ៉ូ សម្រាប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍រថយន្តអគ្គិសនី នៅទីក្រុងHefeiខេត្តAnHui ប្រទេសចិន។ លោក OliverBlume អគ្គនាយកក្រុមហ៊ុន VolkswagenGroupបានថ្លែងថា បន្ទាប់ពីការត្រួតពិនិត្យការងារនៅប្រទេសចិនកាលពីដើមឆ្នាំនេះ ពួកគេបានរកឃើញវិធីដែលចូលទៅជិត អ្នកប្រើប្រាស់នៃប្រទេសចិនហើយ។

នាពេលបច្ចុប្បន្ននេះ  សេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងសភាពធ្លាក់ចុះ  ស្ថានភាពភូមិសាស្ត្រនយោបាយមានភាពស្មុគស្មាញ ហើយពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង។ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍បានព្យាករណ៍ថា ការវិនិយោគឆ្លងដែនសកលនៅឆ្នាំ២០២៣ ប្រហែលនឹងបន្តធ្លាក់ចុះទៀត។ ក្នុងបរិបទបែបនេះ ការដែលប្រទេសចិនបានស្រូបយកដើមទុនបរទេស នៅក្នុងត្រីមាសទីមួយ បានប្រគល់នូវចម្លើយប្រកបដោយស្ថេរភាព  លទ្ធផលនេះគឺបានមកដោយមិនងាយទេ  ហើយក៏ស្ថិតនៅក្នុងការរំពឹងទុកផងដែរ។

យើងមើលពីការវិនិយោគជាក់ស្តែងជាមុនសិន  មិនត្រឹមតែមានបរិមាណកាន់តែច្រើនប៉ុណ្ណោះទេ  ថែមទាំងគុណភាពក៏ខ្ពស់ជាងមុនទៀតផង។ នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៣ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានប្រើប្រាស់ជាក់ស្តែងនូវដើមទុនបរទេស ចំនួន១សែន៥ម៉ឺន៦ពាន់៧រយ១០លានយាន់ប្រាក់ចិន កើនឡើង១៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ប្រការនេះបានឆ្លុះបញ្ចាំងពីឧត្តមភាពរបស់ប្រទេសចិន ក្នុងការទាក់ទាញដើមទុនបរទេសប្រកបដោយគុណភាពខ្ពស់។

បើមើលពីភូមិសាស្ត្រ ការវិនិយោគទុននៅប្រទេសចិនរបស់ប្រទេសទាំងពីរ បារាំងនិងអង់គ្លេសមានភាពលេចធ្លោយ៉ាងខ្លាំង ពោលគឺកំណើននៃការវិនិយោគសុទ្ធតែបានលើសពី៦ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះគឺជាលទ្ធផលដែលទទួលបានដោយសារកត្តាលើច្រើនវិស័យ។ ស្របតាមប្រទេសចិនបានកែលំអគោលនយោបាយ បង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅឆ្នាំ២០២៣មក ការទៅមកឆ្លងដែនមានភាពកាន់តែងាយស្រួល ដែលបានជំរុញតម្រូវការវិនិយោគរបស់សហគ្រាសបរទេស។ ព្រមពេលជាមួយគ្នានេះ ក្នុងបរិបទដែលអ្នកនយោបាយអឺរ៉ុបជាច្រើន បំពេញទស្សនកិច្ចនៅប្រទេសចិន ការបង្កើនពាណិជ្ជកម្មជាមួយប្រទេសចិនបានក្លាយជាគំនិតឯកភាពរួមរបស់សហគ្រាសអឺរ៉ុប ។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនដែលបាននិងកំពុងបើកទូលាយ រីករាយចែករំលែក «នំខេក» ជាមួយពិភពលោកនិងធ្វើឱ្យ នំខេកកាន់តែធំ។ ចាប់ពីការលើកទឹកចិត្តឱ្យពាណិជ្ជករបរទេសមកវិនិយោគ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ដល់ការរៀបចំសកម្មភាព ឆ្នាំវិនិយោគនៅប្រទេសចិន រហូតដល់ការរៀបចំវេទិកាជាន់ខ្ពស់ស្តីពីអភិវឌ្ឍន៍ប្រទេសចិន វេទិកាអាស៊ីBoao ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៣ និងពិព័រណ៍Cantonលើកទី១៣៣ ប្រទេសចិនបានលើកទឹកចិត្តឱ្យដើមទុនបរទេស ចែករំលែកនូវឱកាសទីផ្សារធំ ឱកាសបើកទូលាយបែបប្រព័ន្ធរបប និងឱកាសធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ អន្តរជាតិរបស់ប្រទេសចិន។

ក្រុមហ៊ុនTeslaបានប្រកាសនឹងបង្កើតរោងចក្រទំនើបផុតលេខ នៅឯនាយសមុទ្រលើកដំបូងនៅទីក្រុងសៀងហៃ ក្រុមហ៊ុន Airbus បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មទីពីរនៅទីក្រុង TianJin ហើយក្រុមហ៊ុនAstraZenecaបានប្រកាសជាម្តងទៀតនូវការពង្រីកទំហំវិនិយោគផលិតកម្មនៅប្រទេសចិន។ល។ សហគ្រាសទុនបរទេសកំពុងបោះទុនវិនិយោគ កាន់តែច្រើនឡើងៗនៅប្រទេសចិន តាមរយៈសកម្មភាពជាក់ស្តែង ពីព្រោះពួកគេដឹងថា ការវិនិយោគនៅប្រទេសចិនគឺជា ការវិនិយោគសម្រាប់អនាគត៕

វិទ្យុមិត្តភាពកម្ពុជាចិន