(បាងកក)៖ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរថៃបានចេញសេចក្តីប្រកាសឱ្យប្រជាជន នៅតាមបណ្តាខេត្តជាច្រើន រួមទាំងរាជធានីបាងកកផងដែរ ចៀសវាងការចេញដើរហើរនៅខាងក្រៅ ដោយសារតែអាកាសធាតុដែលកំពុងតែឡើងកម្តៅខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។

ក្នុងខែមេសានេះ ផ្នែកជាច្រើននៃតំបន់អាស៉ីទាំងមូល បាននិងកំពុងរាយការណ៍ពីស្ថានភាពអាកាសធាតុកើនឡើងកម្តៅខ្លាំង ដោយប្រទេស​មួយចំនួនបានកត់ត្រា នូវសីតុណ្ហភាពខ្ពស់ក្នុងកម្រិតបំបែកកំណត់ត្រា។ នៅបង់ក្លាដែសនិងឥណ្ឌា បញ្ហាកើនឡើងកម្តៅខ្លាំងនេះបានជំរុញឱ្យ​តម្រូវការប្រើប្រាស់ថាមពលស្ទុះឡើង ជាហេតុនាំឱ្យមានការដាច់និងខ្វះខាតថាមពលផ្គត់ផ្គង់ សម្រាប់មនុស្សរាប់លាននាក់។

រីឯនៅទីក្រុងបាងកក សីតុណ្ហភាពបានឈានដល់កម្រិត៥៤អង្សាសេ ក្នុងសង្កាត់បាងណា (Bangna) នាថ្ងៃសៅរ៍នេះ ហើយអាជ្ញាធរបាន​ទទូចឱ្យប្រជាជនចៀសវាងធ្វើសកម្មភាពផ្សេងៗនៅខាងក្រៅ និងប្រុងប្រយ័ត្នការពារខ្លួនពីគ្រោះថ្នាក់នៃជំងឺស្រ្តូកកម្តៅ។ បើតាមអាជ្ញាធរថៃ សីតុណ្ហភាពនឹងស្ថិតក្នុងកម្រិតលើសពី៤០អង្សាសេ នៅតាមខេត្តយ៉ាងហោច២៨ ក្នុងថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ ដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងមួយរយៈនេះ ការប្រើប្រាស់ថាមពល​អគ្គិសនីបានកើនឡើងរហូតបំបែកកំណត់ត្រា គឺការប្រើអគ្គិសនីសរុបរបស់ប្រទេសថៃមានចំនួនជាង ៣៩,០០០មេហ្កាវ៉ាត់ កាលពីថ្ងៃទី៦ ខែមេសា ធៀបនឹងកំណត់ត្រាចាស់ ៣២,០០០មេហ្កាវ៉ាត់ កាលពីខែមេសា ឆ្នាំមុន៕