(ម៉ាឌ្រីដ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ​ រថក្រោះ Leopard 2A4 ដែលមានគោលដៅឆ្ពោះទៅកាន់អ៊ុយក្រែន គឺត្រូវបានដឹកជញ្ជូនចេញពី​ប្រទេសអេស៉្បាញហើយតាមរយៈកប៉ាល់ ដែលវាគឺជាផ្នែកកិច្ចប្រឹងប្រែងផ្តល់ជំនួយយោធារបស់លោកខាងលិច សម្រាប់ការតស៊ូរបស់ទីក្រុង​កៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។

ក្រុមរថក្រោះដែលផលិតដោយអាល្លឺម៉ង់ខាងលើ ព្រមទាំងរថពាសដែកសម្រាប់ដឹកកងទ័ពមួយចំនួនទៀត ត្រូវបានបញ្ជូនចូលទៅក្នុងកប៉ាល់​ដឹកជញ្ជូនធំមួយ នៅទីក្រុងសានតានដឺ (Santander) របស់អេស៉្បាញ។ កប៉ាល់នោះនឹងដឹកសព្វាវុធទាំងនោះទៅកាន់ប៉ូឡូញ ហើយពួកវា​នឹងត្រូវបញ្ជូនបន្តទៅកាន់អ៊ុយក្រែន ដែលកំពុងត្រៀមបើកប្រតិបត្តិការវាយបកថ្មី ដើម្បីវាយយកទឹកដីរបស់ខ្លួនបន្ថែមទៀតពីរុស្ស៉ីមកវិញ។ យ៉ាងណាក្តី វាមិនច្បាស់ថា រថក្រោះទាំងនោះនឹងទៅដល់នៅពេលណាឡើយ។

ក្នុងខែមេសានេះ រដ្ឋមន្រ្តីការពារជាតិអេស៉្បាញ បានប្រកាសថា អេស៉្បាញនឹងបញ្ជូនរថក្រោះ Leopard 2A4 សរុប១០គ្រឿងទៅកាន់​អ៊ុយក្រែន។ សម្រាប់រថក្រោះ៤គ្រឿងទៀត គឺយោធាអេស៉្បាញកំពុងតែជួសជុល។ អេស៉្បាញក៏បានបណ្តោះបណ្តាលក្រុមអ្នកធ្វើប្រតិបត្តិការ ​​រថក្រោះចំនួន៤០នាក់ រួមជាមួយជាងមេកានិច១៥នាក់ផងដែរ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ុយក្រែនបានពឹងផ្អែកលើរថក្រោះចាស់ៗ​ដែលសល់ពីសម័យសូវៀត ហើយបានទទូចសុំរថក្រោះប្រយុទ្ធទំនើបៗពីក្រុមលោកខាងលិច ដោយនិយាយថា ពួកវាមានសារសំខាន់ជាខ្លាំង សម្រាប់សមត្ថភាពកងកម្លាំងជើងគោករបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីខែមករា សហរដ្ឋអាមេរិក ក៏បានសន្យាបញ្ជូនរថក្រោះ Abrams របស់ខ្លួន ចំនួន៣១គ្រឿងឱ្យទីក្រុងកៀវ ខណៈក្រុម​ប្រទេសសមាជិកអង្គការណាតូ (NATO) ដទៃទៀត បានសន្យាផ្តល់រថក្រោះ Leopard 2 សរុបយ៉ាងហោច៤៨គ្រឿង។ កាលពីខែមីនា រថក្រោះ Leopard 2 ១៨គ្រឿងរបស់អាល្លឺម៉ង់ បានទៅដល់អ៊ុយក្រែនរួចហើយ៕