(ម៉ានីល)៖ នៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បាននិយាយថា ភាពមិនចុះសម្រុងគ្នាមួយចំនួនរបស់ប្រទេសលោកជាមួយប្រទេសចិន ជុំវិញបញ្ហាតំបន់សមុទ្រចិនខាងត្បូង​ មិនមែនជាការឆ្លុះបញ្ចាំងទាំងស្រុងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។

«ចំណុចខ្វែងគំនិតគ្នាទាំងនេះ មិនគួរជាឧបសគ្គរារាំងពួកយើង ពីការស្វែងរកមធ្យោបាយដើម្បីដោះស្រាយពួកវាដោយប្រសិទ្ធភាពនោះទេ ជាពិសេសពាក់ព័ន្ធសិទ្ធិរបស់ប្រជាជនហ្វីលីពីន ជាពិសេសគឺរបស់ក្រុមអ្នកនេសាទ»។ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក អេនរិគ ម៉ាណាឡូ (Enrique Manalo) បាននិយាយយ៉ាងដូច្នេះ មុនការចាប់ផ្តើមកិច្ចពិភាក្សាទ្វេភាគី នៅរដ្ឋធានីម៉ានីល ជាមួយសមភាគីចិន​របស់លោក គឺរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang)។

គួរបញ្ជាក់ថា កន្លងមក ហ្វីលីពីនធ្លាប់បានធ្វើការតវ៉ាតាមផ្នែកការទូត ប្រឆាំងនឹងវត្តមានរបស់នាវាក៏ដូចជាទូកនេសាទចិននៅតំបន់ជម្លោះ ​ក៏ដូចជាចំពោះអ្វីដែលខ្លួនហៅថា សកម្មភាពកាន់តែបង្កហេតុខ្លាំងឡើង នៅតំបន់ដែនទឹកយុទ្ធសាស្រ្តមួយនេះ។ ក្នុងថ្ងៃដដែល លោក ឈិន ក៏បានលើកឡើងដែរថា ចិនត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើការជាមួយហ្វីលីពីន ក្នុងអនុវត្តការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ និងដោះស្រាយចំណុចខ្វែងគំនិតគ្នាដោយត្រឹមត្រូវ៕