(វ៉ាស៊ីនតោន)៖ ខណៈទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែមានអរិភាពនឹងគ្នា បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក បាន និងកំពុងតាមដានការប្រកួតប្រជែង រវាងមហាអំណាចទាំង២ យ៉ាងប្រុងប្រយ័ត្ន។ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ជារឿយៗថាចិនបានធ្វើចារកម្មលើក្រុមហ៊ុនអាមេរិក ដើម្បីព្យាយាមលួចយកបច្ចេកវិទ្យាសម្ងាត់ ហើយថ្មីចុងក្រោយបំផុតនោះគឺវត្តមានបាឡុងស៊ើបការណ៍របស់ចិននៅក្នុងដែនអាកាសអាមេរិក។ ទីក្រុងប៉េកាំងក៏បានចោទសហរដ្ឋអាមេរិកដែរ ថាកំពុងព្យាយាមកាត់ផ្ដាច់ចិន ចេញពីទីផ្សារអន្តរជាតិ។

សព្វថ្ងៃ មហាអំណាចទាំង២ នៅតែបន្តធ្វើសង្រ្គាមពាណិជ្ជកម្មដាក់គ្នាទៅវិញទៅមក និងបង្កើនកញ្ចប់ថវិកាយោធារៀងៗខ្លួន នៅចំពោះមុខការព្រមានកាន់តែច្រើនឡើងពី ហានិភ័យនៃការផ្ទុះសង្រ្គាមនៅតៃវ៉ាន់។ ការប្រកួតប្រជែងដ៏ស្រួចស្រាល់នេះបានបង្កើតជាបញ្ហាឈឺក្បាលដល់បណ្ដាប្រទេសជាច្រើន ជាពិសេសគឺបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ តែម្ដង។ ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធលើប្រទេសដៃជាគូ និងសម្ព័ន្ធមិត្តឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មលើសត្រូវ ​ក្នុងនោះរួមមានទាំងចិន ផងដែរ បើទោះជាទំនាក់ទំនងល្អរវាងចិន និងសហរដ្ឋអាមេរិក អាចជួយរំដោះប្រជាជនរាប់លាននាក់ចេញពីភាពក្រីក្រក៏ដោយ។ ការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក ទោះជាបីជាមិនប្រើកម្លាំងបាយ ក៏វានៅតែអាចធ្វើឱ្យកម្សោយដល់ប្រព័ន្ធពាណិជ្ជកម្មសកលលោកដែលអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍ រីកចម្រើនលូតលាស់។ តែបើ មហាអំណាចទាំង២ ធ្វើសង្រ្គាមនឹងគ្នាវិញ នោះប្រទេសតូចៗ និងទន់ខ្សោយ អាចនឹងត្រូវបង្ខំឱ្យចូលរួមក្នុងជម្លោះ។

ក្នុងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិន គ្មានតំបន់ណាផ្សេងដែលអាចនឹងរងការខាតបង់ធ្ងន់ធ្ងរ ច្រើនជាងតំបន់អាស៊ីអាគ្នេយ៍ឡើយ។ តំបន់មួយនេះ មានប្រជាជនរស់នៅសរុបជិត ៧០០លាននាក់ និងត្រូវបានចាត់ទុកថាជាកន្លែងសាកល្បងពីចេតនាពង្រីកអំណាចរបស់ចិន។ ទីក្រុងប៉េកាំង តែងតែចាត់ទុក «អាស៊ីអាគ្នេយ៍គឺជា តំបន់ស្ថិតនៅខាងក្រៅផ្ទះរបស់ខ្លួន» និងកំពុងពង្រឹងវត្តមានយោធាក្នុងដែនទឹកនៃតំបន់មួយនេះ ខណៈបានបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើគម្រោងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្រោម «គំនិតផ្ដួចផ្ដើមខ្សែ និងផ្លូវ»។ គំនិតផ្ដួចផ្ដើមខ្សែ និងផ្លូវ បានធ្វើឱ្យសហរដ្ឋអាមេរិកមានការលំបាកយ៉ាងខ្លំាងក្នុងការ បញ្ចុះបញ្ចូល ឬអូសទាញប្រទេសក្នុងតំបន់ឱ្យចេញពីចិន ជាហេតុបង្ខំឱ្យសហរដ្ឋអាមេរិកប្រើវិធីសាស្ត្រក្ដៅផងត្រជាក់ផង ដើម្បីជំរុញប្រទេសជាដៃគូ និងសម្ព័ន្ធមិត្តគាំទ្រដល់ ការហាមឃាត់មិនឱ្យចិនចូលទៅកាន់បច្ចេកវិទ្យាទំនើបៗ តួយ៉ាងដូចជាបន្ទះឈីបជាដើម។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ស្ថានភាពប្រកួតប្រជែងបែបនេះធ្វើឱ្យពួកគេនឹកឃើញដល់អតីតកាល។ អំឡុងសង្រ្គាមត្រជាក់ តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាចំណុចកណ្ដាល នៃ ការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក ហើយដែលការប្រកួតប្រជែងនេះបានបង្កទៅជាវិនាសកម្មមានមនុស្សរាប់លាននាក់បាត់បង់ជីវិត ក្នុងភ្លើងសង្រ្គាម។ ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ច្បាស់ណាស់ពួកគេមិនចង់ឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នេះកើតឡើងជាថ្មីម្ដងទៀត ជាដាច់ខាត។ យ៉ាងណាក៏ដោយ សម្រាប់ តំបន់អាស៊ីអាគ្នេយ៍ ក្នុងយុគសម័យថ្មីនៃការប្រកួតប្រជែងរវាងពួកកំពូលមហាអំណាច គឺមិនដូចគា្នទៅនឹងកាលពីអតីតកាលឡើយ។ ដ្បិត ទោះបីជាចិនមានអំណាចសេដ្ឋកិច្ចធំ ក៏ពិតមែន ក៏បណ្ដាប្រទេសក្នុងតំបន់នៅតែមានលទ្ធភាពអាចប្រឆាំងនឹងការប៉ុនប៉ងត្រួតត្រាណាមួយ និងអាចធ្វើវាបាន ដោយមិនចាំបាច់ចូលរួម ឬមានគំនិតផ្ដួចផ្ដើមខ្ទប់​​ការ​រីកសាយ​ភាយ​នៃ​ឥទ្ធិពល​កុម្មុយនិស្ត​របស់សហរដ្ឋអាមេរិក ដែលគេស្គាល់ជាទូទៅជាភាសាអង់គ្លេសថា «containment» នោះទេ។

ផ្ទុយទៅវិញ តំបន់អាស៊ីអាគ្នេយ៍បានពង្រឹង និងបង្កើតប្រព័ន្ធពហុភាគីនិយមដែលអាចឱ្យពួកគេឈរជើងនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន (ASEAN) ជា កម្លាំងឯករាជ្យមួយ និងអនុញ្ញាតឱ្យពួកគេអាចស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងការប្រកួតប្រជែងគ្នារវាងអាមេរិក និងចិន។ មិនតែប៉ុណ្ណោះ មានពេលខ្លះ អាស៊ានក៏អាចធ្វើ ជា «អន្តរការី» នាំពួកមហាអំណាចឱ្យមកអង្គុយទល់មុខគ្នាទៀតផង។ ក៏ប៉ុន្តែ សំណួរនៅតែមាន នោះគឺចុះប្រសិនបើប្រជែងរវាងសហរដ្ឋអាមេរិក និងចិនផ្ទុះទៅជាសង្រ្គាម ថាតើ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍អាចគេចផុតពីបង្ខំឱ្យជ្រើសរើសរវាងចិន និងអាមេរិកបានដែរឬទេ ក្នុងពេលប្រទេសអាស៊ានមានគោលនយោបាយការបរទេស និងគោលដៅ ផ្សេងៗគ្នា ហើយជួនកាលក៏បង្កជាភាពតានតឹងនឹងគ្នាទៅទៀត។

* រើសយកជម្រើស «មិនជ្រើសរើស»

ជាគោលការណ៍រួម អាស៊ីអាគ្នេយ៍ ឬអាស៊ាន ទទួលស្គាល់ថាជម្លោះ ឬក៏សង្រ្គាមដោយបើកចំហរវាងសហរដ្ឋអាមេរិក និងចិន គឺជារឿងដែលពួកគេមិនចង់ឃើញ។ ពួកគេក៏ដឹង ដែរថាវានឹងកា្លយជារឿងអាក្រក់សម្រាប់គោលនយោបាយ និងពាណិជ្ជកម្ម ប្រសិនបើមានមហាអំណាចណាមួយមានឥទ្ធិពលខ្លាំងលើសលប់ក្នុងតំបន់។ ម្លោះហើយទើប អាស៊ាន ជ្រើសរើសយក «ជំហរអព្យាក្រឹត» ជាគោលការណ៍ស្នូលមួយរបស់ខ្លួន។ ប៉ុន្តែ អព្យាក្រឹតតែមាត់មិនបានការទេ ហើយអ្វីដែលសំខាន់នោះគឺថាតើពួកគេអាចសម្រេចបាន សមិទ្ធផលល្អដល់កម្រិតណា?

ប្រទេសនីមួយៗមានយុទ្ធសាស្ត្រផ្សេងៗគ្នា។ ខ្លះប្រកាន់ខ្ជាប់គោលនយោបាយដែលខ្លួនបានអនុវត្តជាង៣ទសវត្សរ៍ចុងក្រោយនេះ ហើយក្នុងពេលចិន និងសហរដ្ឋអាមេរិក មាន ទំនាក់ទំនងល្អនឹងគ្នា វាអាចឱ្យប្រទេសក្នុងតំបន់ «មានជម្រើសមិនជ្រើសរើស» ឈរនៅខាងភាគីណាមួយ។ តែផ្ទុយទៅវិញ ថៃ និងម៉ាឡេស៊ីបានដើរចេញឆ្ងាយពីអតីតកាល របស់ខ្លួន ដោយរើសដើរតាមយុទ្ធសាស្ត្រធ្វើសកម្មភាពជាជាងបញ្ចេញតែប្រតិកម្ម នៅក្នុងការទូត ក្នុងបរិបទដែលរដ្ឋាភិបាលទាំង២កំពុងផ្តោតលើបញ្ហានៅក្នុងស្រុក។

ការស្ងៀមត្រូវបានគេមើលឃើញថាជាវិធីមួយមានសុវត្ថិភាព ព្រោះថាវាអាចបញ្ចៀសកុំឱ្យចិន ឬសហរដ្ឋអាមេរិកខឹងសម្បារ។ ប៉ុន្តែតាមពិតទៅ នៅស្ងៀមមិនធ្វើអ្វីសោះ មិនជា អព្យាក្រឹតទេ តែជាយុទ្ធសាស្ត្របរាជ័យមួយ។ បើអាស៊ាននៅស្ងៀមមិនធ្វើអ្វីសោះ នោះពួកគេអាចនឹងក្លាយជា «អ្នកដទៃ ឬមនុស្សក្រៅតំបន់» នៅក្នុងតំបន់របស់ខ្លួនឯង ខណៈ មហាអំណាចបន្តធ្វើសមយុទ្ធយោធា ឬអាចដល់ថ្នាក់ប្រយុទ្ធគ្នាក្នុងតំបន់របស់ពួកគេ។ ក្រុមអ្នកជំនាញយល់ថា ដើម្បីអាចរក្សាអព្យាក្រឹត និងសម្រេចបានជោគជ័យ អាស៊ានត្រូវតែធ្វើវានៅក្នុងមធ្យោបាយមួយប្រកបដោយការប្រុងប្រយ័ត្ន និងមានការពិចារណាល្អិតល្អន់ ដោយពង្រឹងសមត្ថភាពខ្លួនឯងជាមុន និងជំរុញឱ្យមានការចូលរួមពីបណ្ដា ប្រទេសមហាអំណាចដទៃ ក្រៅពីសហរដ្ឋអាមេរិក និងចិន នៅក្នុងតំបន់។ កាលពីឆ្នាំ២០១៩ អាស៊ានបានបញ្ចេញ «សៀវភៅសមួយ» ស្ដីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបដិសេធ ចោលការប្រកួតប្រជែងគ្នាដែលមានតែអ្នកឈ្នះ ឬអ្នកចាញ់ ហើយចាប់ផ្ដើមលើកខ្លួនជាតួអង្គដ៏សំខាន់មួយមិនអាចខ្វះបាន។ អាស៊ានបានរៀបចំកិច្ចប្រជុំជាច្រើនដែល មានការចូលរួមទាំងពីសហរដ្ឋអាមេរិក ចិន រុស្ស៉ី ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលីជាដើម។ ជាឧទាហរណ៍ កាលពីឆ្នាំ២០២២ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា រីឯថៃ រៀបចំវេទិកាកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ហើយឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 ជាទីដែលប្រធានាធិបតីចិន លោក សី ជិនពីង ជួបពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន។

ជាលក្ខណៈឯកជន បណ្ដារដ្ឋាភិបាលអាស៊ីអាគ្នេយ៍ សុទ្ធតែបានរៀនសូត្រថាពួកគេនៅតែអាចទាញយកប្រយោជន៍ពីការប្រកួតប្រជែងរវាងអាមេរិក និងចិន។ ការប្រជែងរវាង អាមេរិក ចិន បានបង្កក្ដីកង្វល់ដល់អ្នកនយោបាយក្នុងតំបន់ពិតមែន តែព្រមពេលជាមួយគ្នា វាក៏ជំរុញផងដែរឱ្យមហាអំណាចទាំង២ ប្រឹងប្រែងយកចិត្តយកថ្លើមប្រទេសក្នុងតំបន់ ដែលនេះអាចនឹងជួយឱ្យបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលសម្បូរទៅដោយប្រជាជនវ័យក្មេង និងមានកម្លាំងពលកម្មទាប អាចទាញយកប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ របស់ខ្លួន។ ជាឧទាហរណ៍ដូចជា វៀតណាម បាន និងកំពុងសម្ងំកើបយកផលចំណេញយ៉ាងសម្បើមពីការប្រជែងរវាងអាមេរិក និងចិន ខណៈក្រុមហ៊ុនអាមេរិកជាច្រើនបានបង្វែរ ការផលិតរបស់ពួកគេទៅកាន់រោងចក្រក្នុងប្រទេសវៀតណាម។ ចំណែកឯ ឥណ្ឌូណេស៊ីវិញក៏ទទួលបានផលចំណេញពីការវិនិយោគពីក្រុមហ៊ុនអាមេរិកដែរ ក្នុងនោះរួមមានទាំង Amazon, Microsoft និង Tesla ចំពេលតំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាខ្សែចង្វាក់ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ពិភពលោក។

គួរបញ្ជាក់ថា មិនមានអ្វីអាចធានាបានថានយោបាយរក្សាតុល្យភាពជាមួយមហាអំណាចរបស់អាស៊ាន នឹងដំណើរការជារៀងរហូតនោះទេ។ ក្នុងពេលដែលការប្រកួតប្រជែងរវាង អាមេរិក និងចិនកាន់តែឡើងកម្ដៅ ក្រុមអ្នកវិភាគជាច្រើនជឿថាប្រទេសក្នុងតំបន់អាចនឹងត្រូវបង្ខំចិត្តជ្រើសរើសយករវាងចិន និងសហរដ្ឋអាមេរិកនៅថ្ងៃណាមួយ។ សូម្បីតែ មេដឹកនាំសិង្ហបុរី លោក លី សៀនឡុង ដែលជាមនុស្សម្នាក់មិនគាំទ្រការប្រកួតប្រជែងប្រៀបដូចជាគូសត្រូវរវាងអាមេរិក និងចិន ក៏ធ្លាប់បាននិយាយដែរនៅឯកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០១៨ ដែរថានៅថ្ងៃណាមួយ អាស៊ាននឹងត្រូវតែធ្វើការជ្រើសរើស។ ដូច្នេះ ដើម្បីអាចមានជម្រើសច្រើនបន្ថែមពីលើចិន និងសហរដ្ឋអាមេរិក អាស៊ានត្រូវតែជួយ ត្រួសត្រាយផ្លូវឱ្យមហាអំណាចដទៃផ្សេងទៀត បង្កើនការចូលរួមរបស់ពួកគេក្នុងតំបន់ ទាំងសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងចូលរួមក្នុងកិច្ចសន្ទនាអន្តរជាតិ។ ការធ្វើបែបនេះ ត្រូវការពេលវេលា និងការប្រឹងប្រែង ប៉ុន្តែអាស៊ានធ្លាប់បានបង្ហាញរួចហើយថា វិធីសាស្ត្រមួយនេះមានប្រសិទ្ធភាព និងស័ក្តិសមសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ បញ្ចៀសកុំឱ្យ ជាប់ផុងក្នុងជម្លោះរវាងពួកមហាអំណាច និងអាចកំណត់ជោគវាសនានៅក្នុងដៃខ្លួនឯង៕