(ខាទុំ)៖ យោធាអាមេរិកកំពុងតែត្រៀមរៀបចំជម្រើស ដើម្បីជម្លៀសជនជាតិខ្លួននៅស្ថានទូតអាមេរិកប្រចាំប្រទេសស៊ូដង់ ជាទីដែលការប្រយុទ្ធគ្នាដណ្តើមអំណាចបានផ្ទុះឡើង កាលពីមួយសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា «យើងបានដាក់ពង្រាយកងកម្លាំងខ្លះៗទៅក្នុងតំបន់ ដើម្បីធានាថាយើងផ្តល់ជម្រើសច្រើនតាមធ្វើទៅបាន ប្រសិនបើពួកយើងត្រូវបានហៅ ឱ្យធ្វើអ្វីមួយ ប៉ុន្តែពួកយើងមិនទាន់ត្រូវបានហៅឱ្យធ្វើអ្វីនៅឡើយទេ។ ពុំទាន់មានការសម្រេចចិត្តលើរឿងណាមួយ ត្រូវបានធ្វើឡើងនោះទេ»។ យោងតាមមន្រ្តីអាមេរិក២រូប ការសម្រេចចិត្តលើលទ្ធភាពនៃការជម្លៀសស្ថានទូតអាមេរិក អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនច្បាស់ថា នឹងមានសេចក្តីប្រកាសជាសាធារណៈដែរឬក៏អត់ឡើយ។
គួរបញ្ជាក់ថា កងកម្លាំងយោធា និងកងកម្លាំងទាហានប៉ារ៉ា ដែលដឹកនាំដោយមេទ័ពស៊ូដង់ពីររូប ដែលពីមុនមកធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា បានចាប់ផ្តើមការប្រយុទ្ធគ្នាដណ្តើមអំណាច កាលពីចុងសប្តាហ៍មុន ខណៈមកទល់ពេលនេះ បើតាមអង្គការសហប្រជាជាតិមនុស្សជាង ៤០០នាក់ហើយបានបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតបានរងរបួស។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មេទ័ពកំពូលអាមេរិក លោក ម៉ាក មីលី (Mark Milley) ក៏បានពិភាក្សាអំពីសុវត្ថិភាពជនជាតិអាមេរិកនៅស៊ូដង់ កំលុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ មេដឹកនាំកងកម្លាំងយោធាប្រទេសស៊ូដង់ គឺឧត្តមសេនីយ៍ អាប់ឌែល ហ្វាតតា អាល់បួរហាន (Abdel Fattah al-Burhan) ផងដែរ៕