(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល នៅថ្ងៃសុក្រនេះ ក្នុងគោលបំណងជំរុញទំនាក់ទំនងជាមួយហ្វីលីពីន ដែលកំពុងតែធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

មន្ត្រីហ្វីលីពីនបាននិយាយថា លោក Qin គ្រោងនឹងជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំដំបូងជាមួយសមភាគីហ្វីលីពីន លោក Enrique Manalo ។

ដំណើរទស្សនកិច្ចរបស់ លោក Qin ស្របពេលដែលហ្វីលីពីន និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុត ដែលទាហានជិត ១៨,០០០នាក់បានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត និងប្រយុទ្ធរហូតដល់ថ្ងៃទី២៨ ខែមេសា។

លោក Marcos បានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ បន្ទាប់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានធ្វើឱ្យខូចសម្ព័ន្ធភាព ហើយងាកទៅរកទីក្រុងប៉េកាំងសម្រាប់កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

នាយកដ្ឋានកិច្ចការបរទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បញ្ហាសន្តិសុខក្នុងតំបន់នៃការព្រួយបារម្ភទៅវិញទៅមក» នឹងជាផ្នែកមួយនៃការពិភាក្សា។ ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ក៏ស្ថិតក្នុងរបៀបវារៈផងដែរ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃសុក្រថា ដំណើរទស្សនកិច្ចរបស់ លោក Qin គឺមានគោលបំណង «បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក» និង «ដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ» ជាមួយហ្វីលីពីន។

លោក Wang Yi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយថា «ប្រទេសចិនទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនងជាមួយភាគីហ្វីលីពីន តាមរយៈដំណើរទស្សនកិច្ចនេះ»៕