(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) បាននិយាយថា ប្រទេសកូឡុំប៊ី នៅតែបដិសេធមិនផ្គត់ផ្គង់សព្វាវុធ និងសម្ភារយោធារបស់ខ្លួន ដែលភាគច្រើនជាឧទ្ធម្ភាគចក្រផលិតដោយរុស្ស៊ី ឲ្យដល់រដ្ឋាភិបាលក្រុងកៀវនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

លោក ផេត្រូ បានប្រាប់អ្នកយកព័ត៌មានរបស់ TASS បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យ៉ាងដូច្នេះថា «គោលជំហរបច្ចុប្បន្នរបស់រដ្ឋាភិបាលកូឡុំប៊ី គឺពួកវានឹងមិនត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមទេ។ សព្វាវុធនិងបរិក្ខារទាំងនោះ នឹងមិនធ្វើដំណើរទៅអ៊ុយក្រែនទេ ហើយក៏មិនទៅរុស្ស៊ីដែរ»។ លោក ផេត្រូ បានបន្ថែមថា «ការពិភាក្សាលើប្រធានបទនេះ ទៅមិនឆ្ងាយពីអាវុធរុស្ស៊ីឡើយ ជាពិសេសនោះគឺឧទ្ធម្ភាគចក្រ។ វាជាគ្រឿងសព្វាវុធ និងឧបករណ៍ដែលត្រូវបានទិញដោយរដ្ឋាភិបាលមុន»

គួរបញ្ជាក់ថា មេដឹកនាំកូឡុំប៊ីរូបនេះ ធ្លាប់និយាយកាលពីខែមករាថា ទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាអំពីការផ្ទេរអាវុធដែលផលិតដោយរុស្ស៉ី និងអតីតសូវៀតជាមួយទីក្រុងបូហ្គោតា ដែលកាលនោះសំណើរបស់សហរដ្ឋអាមេរិក មិនត្រូវបានលើកយកមកពិចារណាឡើយ៕