(តែលអាវីវ)៖ ក្រសួងការពារជាតិអ៉ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា អ៉ីស្រាអែលកំពុងស្ថិតក្នុងកិច្ចចរចាដំណាក់​កាលស៉ីជម្រៅជាមួយអាល្លឺម៉ង់ ស្តីពីការលក់ប្រព័ន្ធការពារមីស៉ីល Arrow-3 របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

អាល្លឺម៉ង់បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ដែលជាការសម្រេចចិត្តមួយជំរុញដោយ ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ ប្រព័ន្ធ Arrow-3 ត្រូវបានរចនាឡើងដើម្បីបាញ់ស្ទាក់មីស៉ីលបាលិស្ទីគ នៅក្រៅស្រទាប់បរិយាកាសផែនដី។ វាគឺជាស្រទាប់ការពារលើគេបង្អស់ នៃបណ្តាញប្រព័ន្ធការពារមីស៉ីលរបស់អ៉ីស្រាអែល ដែលចាប់ផ្តើមពី​ប្រព័ន្ធ Iron Dome ដែលមានតួនាទីបាញ់ស្ទាក់ពពួករ៉ុក្កែតរយៈចម្ងាយខ្លីៗ រហូតដល់មីស៉ីលស្ទាក់ដែលអាចបាញ់បាន រយៈចម្ងាយឆ្ងាយ​របស់ប្រព័ន្ធ Arrow-3។

គួរបញ្ជាក់ថា យោងតាមក្រសួងការពារជាតិអ៉ីស្រាអែល កិច្ចពិភាក្សាជាមួយក្រសួងការពារជាតិអាល្លឺម៉ង់ កំពុងរីកចម្រើនទៅមុខជាលំដាប់ ខណៈគោលដៅគឺធ្វើយ៉ាងណា អាចនាំចេញប្រព័ន្ធ Arrow-3 ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ យ៉ាងណាក្តី គម្រោងអភិវឌ្ឍប្រព័ន្ធការពារ​មីស៉ីលនេះ គឺត្រូវបានជួយជ្រោមជ្រែងដោយសហរដ្ឋអាមេរិក ដូច្នេះហើយការលក់វា ក៏នឹងតម្រូវឱ្យមានការយល់ព្រមពីទីក្រុងវ៉ាស៉ីនតោន​ផងដែរ៕