(វ៉ាស៉ីនតោន)៖ បណ្តាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននាំគ្នារាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាប្រកាសពីការសម្រេចចិត្តរបស់លោកជាផ្លូវការ ក្នុងសប្តាហ៍ក្រោយនេះ ជុំវិញការបន្តឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

លោក បៃដិន ត្រូវគេរាយការណ៍ថា កំពុងពិចារណាប្រកាសពីការសម្រេចចិត្ត នៅថ្ងៃទី២៥ ខែមេសា ពោលគឺថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយសេចក្តីប្រកាសនោះ នឹងធ្វើឡើងក្នុងទម្រង់ជាវីដេអូចេញផ្សាយទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក។ កន្លងមក លោក បៃដិន ធ្លាប់​បានបង្ហើបអំពីចេតនាបន្តឈរឈ្មោះជាប្រធានាធិបតី ហើយកាលពីសប្តាហ៍មុន លោកបាននិយាយថា រូបលោកនឹងប្រកាសពីផែនការជុំវិញ​​ការបន្តឈរឈ្មោះបោះឆ្នោត ក្នុងពេលឆាប់ៗ។

លោក ចូ បៃដិន គឺជាបុគ្គលចំណាស់ជាងគេបង្អស់ ដែលបានកាន់តំណែងជាប្រធានាធិបតីអាមេរិក ហើយលោកនឹងមានអាយុដល់៨៦ឆ្នាំ នៅចុងបញ្ចប់អាណត្តិទី២របស់លោក។ ស្របពេលដែលលោកប្រឈមនឹងការប្រកួតប្រជែងតិចតួច ក្នុងការក្លាយជាបេក្ខជនប្រធានាធិបតី​តំណាងឱ្យប្រជាធិបតេយ្យក៏ដោយ ៤៥ភាគរយនៃអ្នកគាំទ្ររបស់គណបក្សនេះ បានបង្ហាញការយល់ឃើញរបស់ពួកគេ ក្នុងការស្ទង់មតិមួយ​កាលពីខែមីនាថា លោក បៃដិន មិនគួរឈរឈ្មោះជាថ្មីទេនៅឆ្នាំ២០២៤ ខណៈសំឡេង៤៨ភាគរយ គាំទ្រឱ្យលោកបន្តឈរឈ្មោះ។

គួរបញ្ជាក់ថា ចំណែកខាងគណបក្សសាធារណរដ្ឋវិញ គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចាញ់ក្រោមស្នាដៃ​លោក បៃដិន កាលពីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ គឺកំពុងតែនាំមុខ ក្នុងចំណោមបេក្ខជនប្រធានាធិបតី ដែលមានប្រជាប្រិយភាពខ្ពស់ជាងគេ របស់គណបក្សនេះ បើយោងតាមការស្ទង់មតិ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕