(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) បាននិយាយថា នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺស្ថិតក្រោមកម្មសិទ្ធិរបស់ប្រទេសចិន ហើយវាជារឿងត្រឹមត្រូវសម្រាប់ចិន ក្នុងការរក្សាការពារអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។
លោក ឈិន បានធ្វើការអត្ថាធិប្បាយដូចខាងលើ កំឡុងវេទិកាមួយនៅទីក្រុងសៀងហៃ ជាទីដែលលោកបានលើកឡើងអំពីបញ្ហាជាច្រើន មានចាប់តាំងពីបំណុល សេដ្ឋកិច្ចសកល ហើយនិងតៃវ៉ាន់។ លោករដ្ឋមន្រ្តីការបរទេសចិន បានបន្ថែមយ៉ាងដូច្នេះថា «នាពេលថ្មីៗនេះ មានការចោទប្រកាន់ជ្រុលហួសហេតុថា ចិនកំពុងព្យាយាមផ្លាស់ប្តូរស្ថានភាពដើម និងបង្កការប៉ះពាល់ដល់សុខសន្តិភាព ក៏ដូចជាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ការយល់ឃើញបែបនេះ គឺមិនសមហេតុផលនិងគ្រោះថ្នាក់ជាទីបំផុត»។
លោក ឈិន បានបន្តទៀតថា «មិនមែនចិននោះទេ ប៉ុន្តែចលនាបំបែករដ្ឋចង់បានឯករាជ្យនៅតៃវ៉ាន់ រួមជាមួយនិងប្រទេសមួយចំនួនតូច ដែលកំពុងប៉ុនប៉ងបំផ្លាញស្ថានភាពដើម។ អ្នកទាំងឡាយដែលប្រលែងលេងជាមួយបញ្ហាតៃវ៉ាន់ ទីបំផុតនឹងត្រូវរលាកខ្លួនឯងមិនខានឡើយ»។ បើតាមលោក ឈិន អ្នកដែលប្រកាន់សច្ចធម៌ អាចមើលឃើញយ៉ាងច្បាស់ថា តើអ្នកណាដែលកំពុងបង្កហេតុរករឿងដាក់អ្នកណាមុននោះ។
គួរបញ្ជាក់ថា ក្នុងខែមេសានេះ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជុំវិញតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំដែនកោះនេះ បានត្រឡប់មកដល់ទីក្រុងតៃប៉ិវិញ ក្រោយជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក នៅទីក្រុងឡូសអាន់ជេឡេស។ ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាផ្នែកនៃដែនដីរបស់ប្រទេសចិន ហើយតែងតែថ្កោលទោសជានិច្ច ចំពោះជំនួបជាន់ខ្ពស់រវាងក្រុមមន្រ្តីតៃវ៉ាន់ និងក្រុមមន្រ្តីបរទេស៕