(ខាទុំ)៖ កងកម្លាំងទាហានប៉ារ៉ារបស់ប្រទេសស៊ូដង់ (RSF) បាននិយាយថា ខ្លួនបានយល់ព្រមលើបទឈប់បាញ់រយៈពេល ៧២ម៉ោង ដែលចាប់ផ្តើមពីម៉ោង ៦ព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែអ្នកស្រុកក្នុងរដ្ឋធានីខាទុំ (Khartoum) និងទីក្រុងបាហ៍រី (Bahri) បន្តរាយការណ៍ពីការបាញ់ផ្លោង ខណៈដែលទាហានស៊ូដង់ត្រូវបានដាក់ពង្រាយនៅតាមទីក្រុងនានាដោយថ្មើរជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

RSF នៅព្រឹកថ្ងៃសុក្រ បានប្រកាសបទឈប់បាញ់មួយបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៦ថ្ងៃ ស្របពេលជាមួយនឹងការចាប់ផ្តើម នៃពិធីបុណ្យអ៉ីត អាល់ហ្វីត (Eid al-Fitr) និងដើម្បីឲ្យអ្នកស្រុកបានជួបជុំគ្រួសាររបស់ពួកគេឡើងវិញ។ សេចក្តីថ្លែងការណ៍របស់ RSF បានគូសបញ្ជាក់ថា «បទឈប់បាញ់ស្របគ្នានឹងពិធីបុណ្យ Eid al-Fitr គឺដើម្បីបើកច្រករបៀងមនុស្សធម៌ក្នុងការជម្លៀសប្រជាពលរដ្ឋ និងផ្តល់ឱកាសឲ្យពួកគេទទួលស្វាគមន៍ក្រុមគ្រួសាររបស់ពួកគេ»។ បើទោះបីជាបែបនេះក្តី នៅមិនទាន់មានការអត្ថាធិប្បាយភ្លាមៗ ពីខាងកងទ័ពស៊ូដង់នោះទេ។

រដ្ឋធានីធានីខាទុំ ត្រូវរញ្ជួយដោយការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង មុនពេលមានការប្រកាសបទឈប់បាញ់ ហើយបើតាមសាក្សីនៅឮស្នូកាំភ្លើង ខណៈបទឈប់បាញ់ និងការអធិស្ឋានក្នុងពិធីបុណ្យ Eid បានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រនេះ។ ដោយឡែក អ្នកស្រុកក្នុងទីក្រុងបាហ៍រី ដែលស្ថិតនៅផ្នែកម្ខាងទៀតនៃទន្លេនីល (Nile) និយាយថា កងទ័ពបានដាក់ពង្រាយទាហានជាច្រើននាក់ ហើយបានឮការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងភាគីទាំងពីរ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាង RSF និងកងទ័ពស៊ូដង់ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានបង្អាក់ផែនការដែលគាំទ្រជាអន្តរជាតិ ដើម្បីផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យស៊ីវិល ៤ឆ្នាំបន្ទាប់ពីការដួលរលំ នៃរបបផ្តាច់ការរបស់ លោក អូម៉ា អាល់បាសៀ (Omar al-Bashir) និង ២ឆ្នាំបន្ទាប់ពីរដ្ឋប្រហារយោធា។

យ៉ាងហោចណាស់មនុស្សស្លាប់កើនឡើងដល់ ៣៥០នាក់ នៅក្នុងការតស៊ូដណ្តើមអំណាចរវាងមេដឹកនាំដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា គឺមេនាំយោធា លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតាស អាល់ បួហាន់ (Abdel Fattah al-Burhan) ជាមួយមេដឹកនាំកងកម្លាំងទាហានប៉ារ៉ា លោកឧត្តមសេនីយ៍ មហាំម៉ាត់ ហាដាន់ ដាហ្កាឡូ (Mohamed Hamdan Dagalo)៕