(កង់បេរ៉ា)៖ នៅថ្ងៃសុក្រនេះ ការិយាល័យនាយករដ្ឋមន្រ្តីអូស្រ្តាលី បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅខែកក្កដាខាងមុខ ខណៈប៉ុន្មានថ្ងៃមុន នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) ក៏បានបញ្ជាក់ថា នឹងទៅចូលរួមដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។
អូស្រ្តាលីនិងនូវែលសេឡង់ មិនមែនជាសមាជិក NATO ទេ ប៉ុន្តែមានទំនាក់ទំនងរាប់ទសវត្សរ៍មកហើយ ជាមួយបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ ប្រទេសទាំងពីរក៏បានចូលរួមកិច្ចប្រជុំកំពូល NATO កាលពីឆ្នាំមុននៅទីក្រុងម៉ាឌ្រីដផងដែរ ក្នុងនាមជាប្រទេសចូលរួមមិនមែនសមាជិក។ សម្រាប់កិច្ចប្រជុំកំពូលឆ្នាំនេះ គឺនឹងត្រូវរៀបចំឡើង នៅទីក្រុងវីលនីញូសនៃប្រទេសលីទុយអានី។ ការិយាល័យលោក អាល់បានីស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អូស្រ្តាលីចែករំលែក នូវការប្តេជ្ញារបស់ក្រុមសមាជិកណាតូ ក្នុងការគាំទ្រប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ ក៏ដូចជាក្នុងការរក្សាការពារនីតិរដ្ឋ ខណៈដែល NATO កំពុងព្យាយាមពង្រីក និងពង្រឹងចំណងទាក់ទងរបស់ខ្លួន។
គួរបញ្ជាក់ថា កន្លងមកនេះ លោក អាល់បានីស ធ្លាប់បាននិយាយថា រូបលោកកំពុងពិចារណាថា គួរឬគួរធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល NATO ខាងលើ។ អូស្រ្តាលី គឺជាប្រទេសមិនមែនសមាជិក NATO ដែលបានចូលរួមចំណែកយ៉ាងធំ ទៅក្នុងកិច្ចប្រឹងប្រែងគាំទ្ររបស់បក្សសម្ព័ន្ធយោធានេះសម្រាប់អ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕